ព័ត៌មានជាតិ

លោក​ នួន​ ផារ័ត្ន​ ជំរុញមន្ទីរអប់រំ រាជធានីភ្នំពេញ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន លុបបំបាត់ក្មេងទំនើង

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់ នូវក្មេងទំនើង នៅក្នុងសាលារៀន និងជំរុញលោកគ្រូ អ្នកគ្រូ ប្រកាន់ភ្ជាប់ក្រមសីលធម៌ ជាគ្រូបង្រៀន ឲ្យសាកសមជាមាតាទី២ របស់សិស្សានុសិស្ស។

ការជំរុញរបស់លោក នួន ផារ័ត្នបានធ្វេីឡេីងក្នុង​ពិធីបិទសន្និបាទបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២១-២០២២និងលើកទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោក នួន ផារ័ត្ន បានលើកឡើងថា អង្គសន្និបាតនេះធ្វើឡើង ដើម្បីបន្តការកែទម្រង់វិស័យអប់រំ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។ វិស័យអប់រំ បើទោះបីជាក្នុងដំណាក់កាល រីករាលដាលជំងឺcovid -19 យ៉ាងណាក៏ដោយ ក៏វិស័យនេះ នៅតែដំណើរការណ៍ ។ មន្ទីរអប់រំបានបំពេញការងារ លើវិស័យអប់រំនេះ បានយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាផែនការអប់រំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឡើងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឈានទៅលុបបំបាត់ ភាពអក្ខរកម្មឲ្យអស់ នៅរាជធានីភ្នំពេញ។

លោកអភិបាលរងបានបន្តទៀតថា នៅសល់តែ៦៣ថ្ងៃទៀត ប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣។ ដូច្នេះទេ សម្រាប់សិស្សានុសិស្ស ត្រូវខិតខំហ្វឹក
ហាត់ដើម្បីឈានទៅដណ្ដើមយកជ័យជំនះ ក្នុងការប្រកួតកីឡាស៊ីហ្គាមនេះ ព្រោះជាមុខមាត់ របស់ប្រទេសជាតិយើង ។

ក្នុងនោះលោកបានជំរុញមន្ទីរអប់រំត្រូវលុបបំបាត់ក្មេងទំនើង នៅក្នុងសាលារៀន ពង្រឹងវិស័យអប់រំ ដោយរកវិធីសាស្រ្តកុំឲ្យសិស្សបោះបង់ការសិក្សា និងយុទ្ធនាការប្រឡងប្រណាំង។

ក្នុងនោះដែរលោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលមួយថ្ងៃកន្លះនេះ អង្គសន្និបាត បានដំណើរការពិភាក្សារួមគ្នាលើសេចក្តីព្រាង របាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យទាំង៦ រួមមាន ៖អនុវិស័យ ការអប់រំកុមារតូច អនុវិស័យ ការអប់រំបឋមសិក្សា អនុវិស័យ ការអប់រំ មធ្យមសិក្សានិងបច្ចេកទេស អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ អនុវិស័យ ការអភិវឌ្ឍយុវជន និងអនុវិស័យ ការអប់រំកាយ និងកីឡា គឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រង អប់រំគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ផងដែរ ៕

To Top