ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ កោះហៅមន្ត្រីជំនាញ មកប្រជុំដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍នៅ ចំណុចការដ្ឋានស្ពាន​អាកាស​ក្បាលថ្នល់

ភ្នំពេញ៖ ក្រោយពីមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស កាលពីថ្ងៃ១មិនាកន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរារណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចការដ្ឋាននោះឲ្យបានល្អប្រសើរជាងមុន។

កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក កើត ឆែ បានលើកឡើងថា កិច្ចប្រជុំលើកនេះ ធ្វើឡើងដើម្បីឲ្យមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលិសចរារណ៍ រួមគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃ១មីនាកន្លងមកនះ នៅតំបន់ការដ្ឋាននេះ បានកកស្ទះចរាចរណ៍ រហូតដល់ទៅ ៥ទៅ៦ម៉ោងឯណោះ។

លោក កើត ឆែ បានជំរុញឲ្យធ្វើកាេកែសម្រួល ដោយបង្រួមរបងការដ្ឋានតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយ ជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់នេះឲ្យបានល្អប្រសើរ សំដៅឲ្យមានលំហូរចរាចរណ៍បានល្អ។

បន្ថែមពីនេះ លោក កើត ឆែ ក៏បានជំរុញអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការឲ្យបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ ដោយមិនឲ្យឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ស្ពានអាកាសព្រះមុនីវង្សនេះ។

គួរបញ្ជាក់ថា ស្ពានអាកាសព្រះមុនីវង្ស មានទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)ជាស្ពានអាកាសតំបូងគេដែលមានរង្វង់មូលលើអាកាស ។ស្ពានអាកាសថ្មីនេះត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ និងនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។

គម្រោងសាងសង់ស្ពានអាកាសថ្មីនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ៕

To Top