ព័ត៌មានជាតិ

សម្ដេចតេជោ ៖ តាំងពីអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ចំណាយអស់ជាង១ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ចាប់តាំងពីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលចំណាយថវិកាចំនួន ១២០០លានដុល្លារ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាថ្ងៃ៦ កុម្ភៈ សម្តេចតេជោមានប្រាសាសន៍ថា រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះ មាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ គោលនយោបាយទាំងនោះ ត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ។

សម្ដេចមានប្រសាសន៍ថា «យើងបានជួយអន្តរាគមន៍តាមរយៈក្រសួងសង្គមកិច្ច អំពីអ្នកគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលកូវីដ ជុំទី១២ លើកទី២ ហើយគ្រាន់តែខែកុម្ភៈ អស់១២៣ពាន់លានរៀល គឺមានទំហំស្មើជាង ៤០លានដុល្លារ។ បើគិតពីពេលយើងចាប់ផ្ដើមរហូតមកដល់ពេលនេះអស់ ៣លាន ៩សែន ៧ម៉ឺន ៥ពាន់លានរៀល ចឹងយើងបានបញ្ចេញអស់ថវិកាប្រមាណជា ១២០០លានដុល្លារ រួចសម្រេចទៅហើយ»។

សម្ដេចបន្ដថា អន្តរាគមន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រហូតមកដល់ពេលនេះ បានចំណាយអស់ ៩២ពាន់លានរៀល។ សម្ដេចក៏ណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើនចំនួនទឹកប្រាក់ចំពោះស្ដ្រីមានផ្ទៃពោះ ដើម្បីឲ្យស្ដ្រីទទួលបានផលប្រយោជន៍ ពីកម្មវិធីគាំពារសង្គមសម្រាប់ស្ដ្រីមានផ្ទៃពោះ។

សម្ដេចបន្ថែមថា អន្តរាគមន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា រហូតមកដល់ពេលនេះ គឺចំណាយថវិកាអស់៣២ពាន់លានរៀល។ ដោយឡែក កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យដោយទឹកជំនន់ នាពេលកន្លងទៅ បានប្រើប្រាស់ថវិកាអស់ ៤៦ពាន់លានរៀល៕

To Top