ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បង្កើនកិច្ចសហការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានប្ដេជ្ញារួមគ្នា​បង្កេីនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយ ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិការិយាល័យនយោបាយ និងជារដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកអំពីបច្ចុប្បន្នភាព និងការវិវត្តនៃសភាពការណ៍ សន្តិសុខទូទៅក្នុងតំបន់ និងសកលលោក ក្នុងនោះក៏បានកត់សម្គាល់និន្នាការកើនឡើងនៃបទល្មើសឆ្លងដែន ជាពិសេសបទល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា។

ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ភាគីទាំងពីរ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ព្រមទាំងឯកភាពជំរុញអនុវត្តកិច្ចការសំខាន់ៗមួយចំនួន ដូចជា ៖

ទី១-បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌ ទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្ដូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិន ប្រពៃណីដែលកំពុងមានកើនឡើងយ៉ាងឆាប់រហ័ស ទាំងក្នុងតំបន់ និងសកលលោក។

និងទី២-សហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងជំរុញដល់កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និង ជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅវៀតណាម ចាប់ពីថ្ងៃទី៣-០៥ ខែមីនា ឆ្នាំ២០២៣៕

To Top