ព័ត៌មានជាតិ

សម្តេចតេជោ៖ សម័យខ្មែរក្រហម ការហូបចុកឲ្យបានតែឆ្អែត តែសម័យនេះ មិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នៅល្ងាចទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយរបបខ្មែរក្រហម ការហូប ចុករបស់ប្រជាពលរដ្ឋខ្មែរ ធ្វើយ៉ាងណាឲ្យតែបានឆ្អែត តែសម្រាប់បច្ចុប្បន្ននេះ ការហូបចុករបស់ប្រជាពលរដ្ឋ មិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់ និងសុវត្ថិភាពផងដែរ។

សម្តេចតេជោបន្តថា «ក្នុងរយៈពេលកន្លងទៅខ្ញុំបាន និយាយហើយថា ការចាប់ផ្តើមរបស់យើងក្រោយពីរបប ប៉ុល ពត ធ្វើម៉េចក៏ដោយឲ្យតែបានឆ្អែត ទទួលទានអីក៏ទទួលទានដែរពេលនោះ ក្រោយមកគឺមិនត្រឹមតែយើងបានឆ្អែតទេ យើងប្រឹងឲ្យបានឆ្អែតហើយឲ្យឆ្ងាញ់ទៀត ប៉ុន្តែឥឡូវនេះបញ្ហាបានមកដល់ ឆ្អែត ឆ្ងាញ់ ហើយធានាសុខភាពនោះគឺជាបញ្ហាដែល យើងត្រូវតែគិតរួមគ្នា»។

ជាមួយគ្នានោះ សម្តេចតេជោក៏បានជំរុញឲ្យ ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខ ភាពរបស់ប្រជាជន ដោយហេតុថាអាហារមួយចំនួន អាចបង្កផលប៉ះពាល់ខ្លាំង ដល់សុខភាព និងអាយុជីវិត ប្រជាជន ។ ការណ៍នេះបង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់ រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

សម្តេចតេជោ ក៏បានណែនាំឲ្យក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវមាន ទំនួលខុសត្រូវលើបញ្ហានេះឲ្យបានហ្មត់ចត់ បើមិនដូចនេះទេឆ្ងាញ់ថ្ងៃនេះតែ ៣ឆ្នាំ ក្រោយនឹងអាចស្លាប់ដោយសារវាវិញ ហើយបញ្ហានេះគឺត្រូវរកវិធីដោះស្រាយ យ៉ាងណាដើម្បីកុំឲ្យប៉ះពាល់ ដល់សុខភាពពលរដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ក៏បានណែនាំឲ្យមានការដាក់ចេញការ ដោះស្រាយដែលមិនត្រឹមតែពេលទទួលទាន ពេលសម្រាកព្យាបាលជំងឺនោះទេ គឺទាក់ទងតាំងពីការផលិត ហើយមានការកែច្នៃខ្លះ គឺត្រូវទាមទារឲ្យមានការពិនិត្យហ្មត់ចត់ មុននឹងចេញចរាចរលើទីផ្សារ ៕

To Top