ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើន ទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_09-33-55-1024x682.jpg)
នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួម របស់ប្រទេស អភិវឌ្ឍន៍ តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទអង្គការ សហប្រជាជាតិ លើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នៅទីក្រុងដូហា ប្រទេសកាតា នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានលើកឡេីង អំពីការខិតខំប្រឹងប្រែង និងបទពិសោធន៍របស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុង តំបន់ និងពិភពលោក ដែលជាផ្នែកស្នូលមួយនៃយុទ្ធសាស្ដ្ររយៈ ពេលវែងនៃការចាកចេញពីចំណាត់ថ្នាក់ LDC។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_09-33-58-1024x768.jpg)
លោក បន្ដថា ក្នុងនាមជាសមាជិក ASEAN កម្ពុជាអាចទាញយកអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ ASEAN FTA, ASEAN plus One FTA, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP)។ បន្ថែមពីនោះទៀត កម្ពុជាបានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ដែលបានចូលជាធរមានរួចរាល់ហើយ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_09-34-01-1024x768.jpg)
លោករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា «បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីជាមួយសហភាព អារ៉ាប់អេមីរ៉េត ដែលរំពឹងទុកថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្ពុជាក៏កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត»។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-09_09-34-04-1024x768.jpg)
លើសពីនេះ លោករដ្ឋមន្ដ្រី បានលើកឡើងអំពីកម្ពុជាដែលត្រូវបានវាយតម្លៃលើកទី១ គណៈកម្មការ UN ស្ដីពីគោល នយោបាយអភិវឌ្ឍន៍ ថាកម្ពុជាអាចមានលក្ខណៈសម្បត្តិចាកចេញពី LDC category ជាលើកទី១ នៅឆ្នាំ២០២១ ហើយកម្ពុជា ត្រូវជាប់លក្ខខណ្ឌនេះជាលើកទី២ សម្រាប់ការវាយតម្លៃម្ដងទៀតជាលើកទី២ នៅដើមឆ្នាំ២០២៤ ទើបអាចសម្រេចថាកម្ពុជាអាចចាកចេញពី LDC category នៅឆ្នាំ២០២៧ ឬឆ្នាំបន្ដបន្ទាប់ទៀត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)