ព័ត៌មានជាតិ

Save the Children ប្រចាំកម្ពុជា ៖ កុមារនៅតែប្រឈមមុខ នឹងបញ្ហាជាច្រើន

ភ្នំពេញ ៖ លោក រស្មី ហុង នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានលើកឡើងថា កុមារនៅតែប្រឈមមុខ នឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមាន ជំងឺរាតត្បាតជាសកល(កូវីដ)។ ប៉ុន្តែមន្រ្តីខាងរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កុមារត្រូវបានការពារសិទ្ធិ យ៉ាងយកចិត្តទុកដាក់ ។

ការលើកឡើងរបស់លោកនេះ ក្នុងវេទិកាប្រារព្ធខួបលើកទី១០ នៃគោលការណ៍ស្តីពីសិទ្ធិកុមារ និងធុរកិច្ច នាថ្ងៃទី១០ មីនា។ វេទិកានេះរៀបចំឡើង ដោយអង្គការ Save the Children និងអង្គការយូនីសេហ្វកម្ពុជា ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ចផងដែរ។

លោក រស្មី ហុង បានថ្លែងចំណាប់អារម្មណ៍បិទវេទិកានេះ។ ដោយលោកបានកត់សម្គាល់ ពីផលវិជ្ជមានពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកលើកុមារ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរថា ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសបន្ទាប់ពីមានជំងឺ រាតត្បាតជា សកល។

លោកថា “ខ្ញុំសូមអំពាវនាវ ដល់លោក លោកស្រី ឲ្យបន្តការប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិកុមារនៅក្នុងគ្រប់ ទិដ្ឋភាពនៃយុទ្ធសាស្ត្រ និងប្រតិបត្តិការធុរកិច្ច របស់លោកអ្នក។ សូមចងចាំថា ការគាំទ្ររបស់អ្នកចំពោះ និយោជិត និងសហគមន៍របស់អ្នក និងការផ្លាស់ប្តូរដែលអ្នកបានបង្កើតនៅក្នុងការងាររបស់អ្នក និងនៅក្នុងទីផ្សារ អាចផ្តល់ផលវិជ្ជមានមកលើជីវិតរបស់កុមារ។ យូនីសេហ្វ និងអង្គការ Save the Children នឹងបន្ត គាំទ្រកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ហើយយើងនឹងមានវត្តមាននៅទីនេះជានិច្ចសម្រាប់អ្នកផង ដែរ ក្នុងនាមជាដៃគូ ពីព្រោះយើងអាចបង្កើតលទ្ធផលកាន់តែច្រើន នៅពេលយើងសហការគ្នា»។

ចំណែកលោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងការពារសិទ្ធិកុមារថា “រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិកុមារក្នុងឆ្នាំ១៩៩២ ហើយនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការការពារ និងបំពេញនូវ សិទ្ធិកុមារគ្រប់រូប” ។

ប៉ុន្តែទោះបីជាយ៉ាងណាលោកក៏ទទួលស្គាល់ថា កុមារទាំងអស់ស្ថិតក្រោម ផលប៉ះពាល់ពីសកម្មភាពនៃវិស័យធុរកិច្ច មិនត្រឹមតែក្នុងនាម ជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលិក និងអ្នកដឹកនាំធុរកិច្ច នាពេលអនាគតផងដែរ ។ គោលការណ៍ធុរកិច្ច និង សិទ្ធិកុមារ បានផ្ដល់ជាមគ្គុទ្ទេសក៏ដ៏សំខាន់ ខណៈរដ្ឋាភិបាលបានធ្វើការ ជាមួយវិស័យឯកជន ដើម្បីដាក់បញ្ចូលសិទ្ធិកុមារ ជាស្នូល នៃសេដ្ឋកិច្ចកម្ពុជា។

សម្រាប់លោក វីល ផាកស៍ នាយកយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ដែរថា “ជីវិតរបស់កុមាររងផលប៉ះពាល់ពីវិស័យឯកជនជារៀងរាល់ថ្ងៃ ហើយជាការសំខាន់ខ្លាំងណាស់ដែលធុរកិច្ចត្រូវធ្វើសកម្មភាពយ៉ាងណាដើម្បីផ្ដល់តម្លៃ គោរព និងគាំទ្រដល់សិទ្ធិរបស់កុមារ”។

លោកបន្តថា ការបំពេញកិច្ចសន្យា របស់គោលការណ៍ស្តីពី សិទ្ធិកុមារ និងធុរកិច្ច អាចសម្រេចបានលុះត្រាណា តែមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងធុរកិច្ច រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

បើសេចក្តីប្រកាសរួម រវាងអង្គការ Save the Children និងយូនីសេហ្វកម្ពុជា គឺគោលការណ៍សិទ្ធិកុមារ និងធុរកិច្ច ត្រូវបានបង្កើតឡើងដោយយូនីសេហ្វ អង្គការ Save the Children និង UN Global Compact ក្នុងឆ្នាំ២០១២ ដើម្បីផ្ដល់ការណែនាំសម្រាប់ធុរកិច្ចស្តីពីការដាក់សិទ្ធិកុមារជាស្នូល នៃគោលនយោបាយ និងប្រតិបត្តិការរបស់ពួកគេ ។ កុមារទទួលរងឥទ្ធិពលពីវិស័យឯកជនក្នុង នាមជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម តាមរយៈការទទួលព័ត៌មាន ពីការផ្សព្វផ្សាយលក់ និងការផ្សាយពាណិជ្ជកម្ម ក្នុងនាមជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ឬតាមរយៈបរិស្ថានដែលពួកគេរស់នៅ និងលេងកំសាន្ត ៕

To Top