ព័ត៌មានជាតិ

សម្ដេច ស ខេង និងលោកស្រី ម៉ែន សំអន អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

ពិធីនេះ ក៏មានអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះ រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។

យោងតាមរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំណូលប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញសរុប ១.៣២៨.៦៥៥.៨៧៩.៣៧៣រៀល ស្មើនឹង១០៤,៩៦% ធៀបនឹងផែនការឆ្នាំ២០២១ និងចំណាយចំនួន ១.០៤២.២៣០.៨៦៦.៤៥៦រៀល ស្មើនឹង ៩៩,២១% ធៀបនឹងផែនការឆ្នាំ២០២១។

របាយការណ៍ដដែលបន្ដថា ក្នុងឆ្នាំ២០២២នេះ អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនីតិវិធីលទ្ធកម្មសរុបចំនួន ១០៩គម្រោង ជាលទ្ធផល អនុវត្តផែនការ លទ្ធកម្ម សំរេចបាន ១០០%។ ព្រមទាំងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញ ចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៧២.៧២៥សេវា៕

To Top