ភ្នំពេញ ៖ វិស័យរដ្ឋ និងឯកជននៃប្រទេសកម្ពុជា-ថៃ បានរៀបចំវគ្គបណ្តុះបណ្ដាល ក្នុងការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក (Water Rescue) ដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះអាយុជីវិតជន រងគ្រោះខាងផ្លូវទឹកនៅក្នុងខេត្ដព្រះសីហនុ។
វគ្គបណ្ដុះបណ្ដាលនេះ សហការរួមគ្នារវាង រដ្ឋបាលខេត្តព្រះសីហនុ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា យោធាជើងទឹកថៃ មន្ទីរពេទ្យក្រុងបាងកក និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនក្រុង ថេបឌុសិតវេចឆៈកាន ចំកាត់ ដើម្បីពង្រឹងសក្ដានុភាពរបស់មន្ត្រី នៃខេត្តព្រះសីហនុ ឲ្យមានចំណេះដឹង សមត្ថភាព និងជំនាញ នៅក្នុងការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក ទាំងនៅក្នុងស្រះទឹក និងសមុទ្រជាប់ឆ្នេរ ដោយរួមបញ្ចូលទាំងការថែទាំ និងចល័តជនរងគ្រោះ នៅក្នុងស្ថានការណ៍អាសន្ន ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពីការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ ធ្វើឡើងចាប់ពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Queenco ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ វរនាវីឯក ធុងឆាន បុណ្យរៈថេព សេនានុព័ន្ធយោធារង និងជាសេនានុព័ន្ធយោធាជើងទឹក នៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត និវ៉ាត់ អ៊ីនថៈរៈវិឈៀន នាយកគ្រប់គ្រងនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោក វិរ៉ាត់ សុរៈជិត នាយកផ្នែករដ្ឋបាល នៃមន្ទីពេទ្យក្រុងបាងកក ។
វគ្គបណ្តុះបណ្ដាលនេះ មានទាំងទ្រឹស្ដី និងការអនុវត្តទាំង ក្នុងស្រះទឹក និងសមុទ្រជាប់ឆ្នេរ ដែលទទួលខុសត្រូវបណ្ដុះបណ្ដាល ដោយមន្ត្រីដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ របស់យោធាជើងទឹករបស់ថៃ និងមន្ទីរពេទ្យក្រុងបាងកក ដែលធ្លាប់មានបទពិសោធន៍រៀបចំកម្មវិធី បណ្តុះបណ្ដាលលក្ខណៈបែបនេះ ដល់សិក្ខាកាមកម្ពុជារួចហើយដែរ។
សូមជម្រាបថា ខេត្តព្រះសីហនុ ជាខេត្តដ៏សំខាន់ ខាងផ្នែកយុទ្ធសាស្ត្ររបស់កម្ពុជា ទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងទេសចរណ៍ ដែលជាបណ្ដុំនៃរមណីយដ្ឋាន ទេសចរណ៍សមុទ្រដ៏ពេញនិយម និងជាចំណុចតំណរនៃប្រទេសទាំង៣ គឺថៃ-កម្ពុជា-វៀតណាម។ លើសពីនេះទៀត ខេត្តព្រះសីហនុក៏ជាខេត្ដ ដែលបានរៀបចំកីឡា វិញ្ញាសារទឹកជាច្រើនផងដែរ ដូច្នេះហើយ ទើបខេត្តព្រះសីហនុត្រូវត្រៀម ខ្លួននៅក្នុងការអភិវឌ្ឍឆ្មាំ ប្រចាំឆ្នេរសមុទ្រ ដើម្បីបង្កលក្ខណៈសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងវិស័យទេសចរណ៍ និងការការពារគ្រោះថ្នាក់ខាងផ្លូវទឹក ដែលតែងតែកើតមានឡើងជាញឹកញាប់។ ការបណ្តុះបណ្ដាលជួយសង្គ្រោះ ជីវិតជនរងគ្រោះខាងផ្លូវទឹក ជូនដល់សិក្ខាកាមរបស់ខេត្តព្រះសីហនុ ជាការជំរុញទេសចរណ៍សុវត្ថិភាពរបស់តំបន់ឆ្នេរ ស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរក្រោមគម្រោង Two Kingdoms, One Destination និងជាការរួមចំណែកមួយនៅក្នុងការ គ្រប់គ្រងនិងរៀបចំលក្ខណៈ សម្បត្តិ នៅក្នុងការឆ្លើយតបបានឆាប់រហ័ស ចំពោះគ្រោះថា្នក់ក្រោមទម្រង់មួយ ដែលជាប្រយោជន៍ដល់ប្រជាជន និងជាការរួមសហការពីគ្រប់ភាគី ពាក់ព័ន្ធបានយ៉ាងពិតប្រាកដ ៕