ព័ត៌មានជាតិ

ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ អាចនឹងបើកដំណើរការ នៅចុងឆ្នាំនេះ

ភ្នំពេញ៖ ក្រុមហ៊ុនចិន Yunan Air Investment Cambodia កំពុងពន្លឿនការសាងសង់ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ ដើម្បីសម្រេចតាមផែនការគ្រោងទុក ដើម្បីអាចនឹងឲ្យបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ ខណៈបច្ចុប្បន្ន សម្រេចបានការសាងសង់ជាង ៧៥ភាគរយហើយ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

មន្រ្តីនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមនិងថ្នាក់ដឹកនាំតាម ក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗ ត្រូវបានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ ពីដំណើរការសាងសង់ព្រលានយន្តថ្មី កាលពីពាក់កណ្ដាលខែ កុម្ភៈ។ ការងារសាងសង់ព្រលានថ្មីបច្ចុប្បន្ននេះ សម្រេចបានជាង ៧៥ភាគរយហើយ។ នេះជាការលើក ឡើងរបស់លោក ZOU Yuhui ប្រធានក្រុមហ៊ុនសាងសង់ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជិត១០០នាក់ ។ ក្រុមហ៊ុនចិនមួយនេះបានប្ដេជ្ញាចិត្តខ្ពស់ថា នឹងសាងសង់តាមផែនការ ដែលនឹងអាច ដំណើរការក្នុងខែ តុលា ឆ្នាំនេះ។

រដ្ឋលេខាធិការប្រចាំការអាកាសចរណ៍ស៊ីវិល លោក ជា អូន ជំរុញឲ្យក្រុមហ៊ុន សហការគ្នាយ៉ាងជិតស្និទ្ធ ធ្វើការងារចាំបាច់នានា មុននឹងដំណើរការ នៅចុងខែតុលា។ លោកបន្ដថា ទោះរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ក្ដី តែបច្ចុប្បន្ន វិស័យអាកាសចរណ៍ បានចាប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗ ក្នុងនោះខេត្តសៀមរាបក៏មានកំណើនជើងហោះហើរ ច្រើនឡើងវិញដែរ។

លោករំពឹងខ្ពស់ថា អាកាសយានដ្ឋានថ្មីនេះ នឹងទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ជាច្រើន ដែលអាចឲ្យកម្ពុជាទទួលទេសចរ ច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

លោកថា “ប្រសិនគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះអន្ដរជាតិថ្មីសៀមរាបអង្គរ នៅស្រុកសូទ្រនិគម គ្រោងនឹងបើកដំណើរការនៅខែតុលា ខាងមុខ ខណៈដែលការដ្ឋានបច្ចុប្បន្ន សម្រេចបានជាង ៧៥ភាគរយហើយ”។

លោកឲ្យដឹងទៀតថា ប្រទេសជាច្រើន បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ ដោយបើកប្រទេសខ្លួនឡើងវិញ រួមទាំងប្រទេសមួយចំនួនធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងជំរុញឲ្យមានការងើបឡើងវិញ នៃឧស្សាហកម្មនេះ ដោយរំពឹងថា នឹងឈានដល់កម្រិតឆ្នាំ២០១៩ ក្នុងឆ្នាំ២០២៣-២០២៤ ខាងមុខនេះ។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធអាគាររបស់ព្រលានយន្តហោះថ្មី បានលេចរូបរាងស្ទើរទាំងស្រុងហើយ ក្នុងនោះ មានផ្លូវរត់ និងកន្លែងអ្នកដំណើរឡើងចុះជាដើម។ ចំណែកការដំឡើងបរិក្ខាខាងក្នុងវិញ កំពុងរៀបចំខ្លះៗ រីឯផ្លូវថ្នល់តភ្ជាប់ពីព្រលានទៅកាន់ផ្លូវជាតិលេខ៦ ក៏កំពុងសម្រុកធ្វើខ្លាំងដែរ។ រីឯប្រព័ន្ធទឹកស្អាត និងភ្លើង ក៏មានសន្ទុះខ្លាំងដែរ។

គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

គួរបញ្ជាក់ថា ប្រសិនបើព្រលានយន្តហោះថ្មីនេះ ដំណើរការនោះព្រលានយន្តហោះចាស់ ស្ថិតខាងលិចក្រុងសៀមរាប ដែលគ្រប់គ្រងដោយក្រុមហ៊ុនបារាំង នឹងបញ្ឈប់សកម្មភាពទាំងស្រុង។ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ព្រលាននេះ សម្រាប់តែយន្តហោះកងទ័ពប៉ុណ្ណោះ ៕

To Top