ព័ត៌មានជាតិ

ទូតចិន ៖ ក្រោមការដឹកនាំ របស់ថ្នាក់ដឹកនាំកំពូលរវាង ចិន-កម្ពុជា នឹងដើរតួនាទីកាន់តែធំ ក្នុងការអភិវឌ្ឍន៍ ក្នុងតំបន់ និងលើពិភពលោក

ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលរវាង ចិន-កម្ពុជា នឹងដើរតួនាទីកាន់តែធំ ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក ផងដែរ។

នាឱកាសអញ្ជើញសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» រួមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក Wang Wentian បានលើកឡើងថា ឆ្នាំនេះ ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ចិន និងកម្ពុជា។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ មិត្តភាពជាប្រពៃណី រវាងចិន និងកម្ពុជា ដែលថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរបានខិតខំផ្ចិតផ្ចង់ បណ្ដុះឡើង ត្រូវបានពង្រឹងជាបន្តបន្ទាប់។

លោក បន្ដថា ប្រឈមមុខនឹង ការផ្លាស់ប្ដូរធំៗដែលមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្សកន្លងទៅនេះ សារៈសំខាន់ជាយុទ្ធសាស្ត្រ នៃមិត្តភាពចិនកម្ពុជាកាន់តែលេចធ្លោឡើងជាលំដាប់។ លោក រំលឹកថា កាលពីខែមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសចិន។

លោក បន្ថែមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងកម្រិតខ្ពស់ អំពីការកសាងសហគមន៍ជោគវាសនារួមចិនកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នាយុគសម័យថ្មី បង្កើតឱ្យមាន ក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” កសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ដែលនេះបានចង្អុលបង្ហាញទិសដៅ និងគូសប្លង់ផែនការសម្រាប់វឌ្ឍនភាពទំនាក់ទំនងកម្ពុជាចិន នៅជំហានបន្ទាប់។

លោកទូត បានថ្លែងបញ្ជាក់ថា «ពួកយើងជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នា របស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា ចិន នាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផល ប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំ ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ»៕

To Top