ព័ត៌មានជាតិ

សម្ដេចតេជោ អង្វររដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារ ត្រូវពិនិត្យច្បាស់លាស់ ខណៈរដ្ឋមន្រ្តី ៤រូបធ្វើបានល្អ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងការអង្វរកដល់បណ្តារដ្ឋមន្ដ្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារអ្វីមួយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ឬខែ-ឆ្នាំ ឲ្យបានច្បាស់លាស់សិន ព្រោះឯកសារទាំងនោះ ត្រូវបញ្ជូនមកនាយករដ្ឋមន្ដ្រី ដើម្បីសម្រេច ខណៈសម្តេចបានកោតសរសើរដល់រដ្ឋមន្រ្តី ៤រូប។

នាឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ បៀលប្រាយជាង៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងពីចំណា របស់សម្ដេចដែលបានចារប៉ិកក្រហម ទៅរដ្ឋមន្រ្តីមួយចំនួន តែនៅតែដដែលមិនព្រមកែទម្លាប់ ។ ន័យសម្តេចលើកឡើងពីការចារប៉ិកក្រហមនេះ ដោយសាររដ្ឋមន្រ្តីទាំងនោះ អត់បានពិនិត្យច្បាស់លើអក្ខរាវិរុទ្ធ និងកាលបរិច្ឆេទមុនចុះហត្ថលេខា លើឯកសារអ្វីមួយ ហើយបញ្ជូនមកសម្តេច។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសូមអង្វរកឲ្យលោករដ្ឋមន្ត្រីទាំងឡាយ ឯកឧត្ដម លោកជំទាវ ជារដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខា (ឯកសារ) មើលឲ្យច្បាស់មើល តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី… អានេះ(ឯកសារ) ផ្ញើមកនាយករដ្ឋមន្ត្រីណា មិនមែនផ្ញើទៅណាទេ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឲ្យច្បាស់ ក្រែងចំណារក្រហម មិនដល់រដ្ឋមន្ដ្រីណុងវិញ»។

សម្ដេចតេជោ ក៏បានសង្កេតឃើញថា ក៏មានរដ្ឋមន្រ្តីក្រសួងចំនួន៤ ធ្វើកិច្ចការងារបានល្អ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិលហៈ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ជាមួយគ្នានេះនាយករដ្ឋមន្ដ្រី ក៏បានព្រមានទម្លាយលិខិតរដ្ឋមន្ត្រីណា ដែលមានកំហុសឆ្គងតាមបណ្តាញសង្គមផងដែរ ។ សម្តេច ក៏រំលឹកពីភាពខុសឆ្គងនៃការធ្វើលិខិត ពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាបនៅកំពង់ស្ពឺ របស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។

ជាងនេះទៅទៀត សម្តេច ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់មន្ត្រី ដែលដឹងថាខ្លួនឯងមានចំណេះដឹងខ្វះខាត ដើម្បីឆ្លើយតបនឹងការបំពេញការងារប្រចាំថ្ងៃ ឲ្យទៅរៀនឡើងវិញនៅសាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមពីកម្រិត ដែលខ្លួនឯងខ្វះខាតតែម្តង ៕

To Top