ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ផ្ដាំទៅអ្នកធ្វើយុទ្ធនាការ បង្ខូចឈ្មោះកម្ពុជា លើបញ្ហាកំពង់ផែរាម ឲ្យបញ្ឈប់ ខណៈការសាងសង់កំពុងពន្លឿន

ភ្នំពេញ ៖ ជាសារថ្មីមួយ ផ្ដាំទៅកាន់បរទេស ក៏ដូចជាអ្នកធ្វើយុទ្ធនាការប្រឆាំង និងបង្ខូចឈ្មោះកម្ពុជា លើបញ្ហាកំពង់ផែរាម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់នៅតែបន្តបន្ថែមល្បឿនន ហើយមិនចាំបាច់លួចថត ពីផ្កាយរណបនោះទេ ព្រោះកម្ពុជា បានបើកចំហររួចស្រេចទៅហើយ ក្នុងទទួលជំនួយពីមិត្តចិន សម្រាប់ការកសាងសំណង់អគារនេះ។

ថ្លែងចេញពីទឹកដីកោះពេជ្រ នាទីក្រុងភ្នំពេញ ក្នុងឱកាសចែកសញ្ញាបត្រជូននិស្សិតនៃសកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃ១៦ មីនា សម្ដេចតេជោថា យុទ្ធនាការបង្ខូចឈ្មោះកម្ពុជា លើបញ្ហាកំពង់ផែរាម បាននិងកំពុងកើតឡើងជាថ្មី ស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោត។

សម្ដេចតេជោក៏បានផ្ដាំទៅអ្នកទាំងនោះថា «បញ្ឈប់ទៅ គេធ្វើនៅតែធ្វើហ្នឹង អ្នកឯងចង់និយាយអ្វី សុទ្ធតែសេថេលឡាយ (Satellite) ចាប់អីណា…ល្អអ្នកឯងទុកអាសេថេលឡាយនៅនឹងទៅ ហើយខ្ញុំនឹងធ្វើបង្ហាញអ្នកឯងថា ក្នុងមួយថ្ងៃវាកើនបានប៉ុន្មានជាន់ ។ ធ្វើឥឡូវចាក់គ្រឹះរួចហើយ ដូច្នេះនឹងឡើងលឿនហើយ កុំទៅឆ្ងល់ពេក»។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជា មានសិទ្ធិក្នុងការពង្រឹងសមត្ថភាព កងទ័ពជើងទឹក របស់ខ្លួនដោយច្បាស់លាស់ និងគ្មានការទៅគម្រាមកំហែងអ្នកណាមួយនោះទេ។

ពាក់ព័ន្ធទៅនឹងប្រទេសជាម្ចាស់ជំនួយ សម្ដេចតេជោប្រកាសថា កម្ពុជា មានសិទ្ធិក្នុងការទទួលយកទុនពីមិត្តបរទេសទាំងអស់ ដើម្បីយកមកធ្វើ និងពង្រឹងសមត្ថភាពរបស់ខ្លួន។

សម្ដេចតេជោបញ្ជាក់ជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណាមួយ រួមទាំងចិន មានវត្តមាននៅទីនោះទេ ហើយនៅពេលសាងសង់រួច កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ឲ្យចូលចតនាវាកំពង់ផែកម្ពុជា និងអាចធ្វើសមយុទ្ធជាមួយគ្នាទៀតផង។

ងាកមកលើបញ្ហាកង្វល់របស់ប្រទេសជាច្រើន ជុំវិញការចងសម្ព័ន្ធភាព AUKUS ដែលដឹកនាំដោយអាមេរិកនេះវិញ សម្ដេចតេជោព្រមទទួលយកពីការបកស្រាយរបស់អូស្រ្តាលី លើករណីនាវាមុជទឹក ដើរដោយថាមពលនុយក្លេរអ៊ែរ ប៉ុន្តែហេតុអ្វីប្រទេសទាំងនោះ មិនព្រមទទួលយកការបកស្រាយរបស់កម្ពុជា។

ជុំវិញករណីនេះ សម្ដេចតេជោបញ្ជាក់យ៉ាងច្បាស់ថា «បើអ្នកឯងមិនព្រមយល់ ខ្ញុំក៏មិនព្រមយល់ដល់អ្នកដូចគ្នា»៕

To Top