ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម នាថ្ងៃទី១៦ មីនានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត បានលើកឡើងថា សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-29-642x1024.jpg)
នាឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះសមិទ្ធផលជាច្រើន ដែលកើតមានទ្បើង ក្នុងទីអារាមដ៏ចំណាស់ ក្នុងរាជធានីភ្នំពេញ ជាមួយ នឹងអាយុកាលប្រមាណជាង១៩០ឆ្នាំ ដោយសមិទ្ធផលទាំងនេះ បានកើតចេញសិល្បៈ នៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរ ធូរធារបស់ប្រជាពលរដ្ឋ ។ លោកថា វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់ បានពីការបង្កលក្ខណៈគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងក្រុមការងារ ចុះជួយមូលដ្ឋានគ្រប់យន្តការ ដែលបានយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-32-693x1024.jpg)
បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «សាសនាមានឥទ្ធិពលសកម្ម នៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។ ការកើនទ្បើង នៃចំនួនប្រជាពលរដ្ឋ ដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយ នូវបញ្ហាអវិជ្ជមាននានាក្នុងសង្គម, ពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សគ្រប់ជំនាន់ របស់កម្ពុជាប្រកប ដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិ ក្នុងការរក្សាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសាកលលោក»។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-36-1024x752.jpg)
លោកបន្ថែមថា រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿង ទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ តាមរយៈការខិតខំកែលម្អរាល់ចំណុចខ្វះខាត ព្រមទាំងពង្រឹង និងពង្រីកឥតឈប់ឈរ នូវសមិទ្ធផលវិជ្ជមាន ឲ្យបានច្រើនបន្ថែមទៀត សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ភាពរុងរឿង សម្បូរសប្បាយគ្រប់ៗជំនាន់តរៀងទៅ ៕
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-40-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-44-1024x601.jpg)
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-48-1024x694.jpg)
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-16_15-47-52-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)