ព័ត៌មានជាតិ

អូស្រ្តាលីបញ្ជាក់ ពីការបន្តកិច្ចសន្ទនា ជាមួយកម្ពុជា ដោយឈរលើមូលដ្ឋាន ស្មើភាព និង គោរពអធិបតេយ្យភាព

ភ្នំពេញ ៖ លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មី របស់អូស្ត្រាលី ប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងបន្តកិច្ចសន្ទនាជាមួយកម្ពុជា ដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ។

ក្នុងឱកាសចូលជួប សម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី១៥ ខែមីនា លោកឯកអគ្គរដ្ឋទូត អូស្ត្រាលី បានបញ្ជាក់ជាថ្មីថា «អូស្ត្រាលីបន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនង ប្រទេសទាំងពីរ»។

ក្នុងជំនួបនោះភាគីទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ទំនង រវាងប្រទេស ទាំងពីរលើគ្រប់វិស័យ ។
លោកទូត ប្តេជ្ញាពង្រឹងទំនាក់ទំនង ទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។
លោកឧបនាយករដ្ឋមន្ត្រី និង លោកទូត បានពិភាក្សាអំពីអភិក្រមនានា ក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិង វិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខ និងការពារជាតិ ។ ខណៈរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍រហូត ដល់ឆ្នាំ២០៤០» ។

លោកឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្ត ឲ្យមានការ វិនិយោគ ប្រកបដោយគុណភាព មកកាន់កម្ពុជា ។
ក្រសួងការបរទេសទាំងពីរ ទន្ទឹងរង់ចាំកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្រ្តី លើកទី៤ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសកម្ពុជា នាឆ្នាំ២០២៣នេះ។
លោកទូត បានរំលឹកដោយសេចក្ដីអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះលែងសាស្រ្តាចារ្យអូស្ត្រាលី លោក Sean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ៕

To Top