ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០២២ អ្នកជាប់ពន្ធនាគារជិត ៤ម៉ឺននាក់ ភាគច្រើនបទល្មើសគ្រឿងញៀនជាង ៥២%

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កន្លងទៅ អ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា ចំនួន ៣៧.៨៤០នាក់ ក្នុងនោះ ភាគច្រើនអ្នកប្រព្រឹត្តិបទល្មើសគ្រឿងញៀន ចំនួន ៥២,៨២%។

នេះបើយោងតាមរបាយការណ៍ លទ្ធផលការងារឆ្នាំ២០២២ និងលើទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញក្នុងពិធីបើកសន្និបាត ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ១៧ មីនា ។

ក្នុងរបាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា «ចំនួនជនជាប់ឃុំគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សរុប ៣៧.៨៤០នាក់ ក្នុងនោះមាន៖ ជនបរទេស ១.៧៧១នាក់, អនីតិជន ១.៦៤៥នាក់, ស្ត្រីមានផ្ទៃពោះ ២៦នាក់, កូនតាមម្ដាយ ១០៩នាក់ ពិការ ៤៤២នាក់»។

របាយការណ៍ដដែលបន្ដថា បទល្មើសភាគច្រើន គឺគ្រឿងញៀនស្មើនឹង ៥២,៨២%, បទល្មើសលួចមានស្ថានទម្ងន់ទោស ១០,១៥%, បទល្មើសលួច ៨,២៧%, រំលោភសេពសន្ថវៈ ៦,១៧%, បទល្មើសឃាតកម្ម ៥,៧៥% និងបទល្មើសផ្សេងៗ ទៀតមាន ១៦,៨៦%។

ប្រភពដដែល ឲ្យដឹងទៀតថា ចំពោះការងារការពារសន្តិសុខពន្ធនាគារ បានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យឆែកឆេរ បង្ការទប់ស្កាត់ការរត់គេច ការប៉ុនប៉ងលួចលាក់នាំចូល ក្នុងពន្ធនាគារនូវវត្ថុសម្ភារៈហាមឃាត់ រកឃើញ និងដកហូត រួមមាន៖ ត្រួតពិនិត្យ ឆែកឆេរ ចំនួន ៤៧លើក និងរកឃើញដកហូតបានទូរស័ព្ទដៃ ២៩គ្រឿង និងម្សៅក្រាមសថ្លា ១កញ្ចប់ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង និងព្រះវិហារ (ពុំមានរកឃើញអ្វី) ពន្ធនាគាររាជធានីភ្នំពេញ ២គ្រឿង ព្រៃវែង ៥គ្រឿង ស្ទឹងត្រែង ២គ្រឿង និងសៀមរាប ២០គ្រឿង និងម្សៅក្រាមសថ្លា ១កញ្ចប់។

ចំពោះ ករណីរត់រួចខ្លួនចំនួន៣ករណី ៥នាក់ នៅពន្ធនាគារខេត្តកោះកុង អំឡុងពេលចេញធ្វើពលកម្ម ជាប់របងកំផែងពន្ធនាគារ ១នាក់ នៅពន្ធនាគាររាជធានីភ្នំពេញ អំឡុងពេលសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ១នាក់ និងនៅពន្ធនាគារខេត្តក្រចេះ អំឡុងពេលធ្វើចត្តាឡីស័ក ៣នាក់៕

To Top