ភ្នំពេញ៖ សត្វផ្សោតឈ្មោល១ក្បាល បានស្លាប់នៅកន្លង អភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាវេលាម៉ោង៦ និង៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_10-07-24-1024x768.jpg)
តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រី ជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតស្លាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ ដែលស្លាប់ដោយឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង ។ នេះគឺជាសត្វផ្សោតទី១ដែលស្លាប់ក្នុងដើមឆ្នាំ២០២៣ ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_10-07-19-1024x768.jpg)
សត្វផ្សោតទន្លេមេគង្គ គឺជារតនៈសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាម បណ្ដោយដងទន្លេមេគង្គ នៃខេត្តក្រចេះនិងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី៧ឆ្នាំ ហើយមានកូនក្នុងរយៈពេល២ឆ្នាំម្តង។ បច្ចុប្បន្ន សត្វផ្សោតរងការគំរាមកំហែង ដោយឧបករណ៍នេសាទ មង សន្ទូច រនង និងឧបករណ៍ឆក់។ ដូច្នេះ ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទ និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_10-07-21-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)