ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយ ចំពោះអ្នកបានទិញអចនទ្រព្យ ជាមួយបុរី វីអាយភីដែលជឿតាមការ ញុះញង់របស់អ្នកទិញគ្នាឯង ធ្វើសកម្មភាពមិនគប្បី តវ៉ាបិទផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃ១៩ មីនា បញ្ជាក់ថា ករណីវិវាទនេះ ជាវិវាទការអនុវត្តកិច្ចសន្យា ដោយមានការឯកភាពគ្នា រវាងភាគីទាំងពីរ (អ្នកទិញ-អ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណី ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយ របស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រះ ដោយមានការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត ។
គួរឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង ៨និង៣០នាទីព្រឹក មានការប្រមូលផ្តុំ ធ្វើការតវ៉ាបិទផ្លូវសាធារណៈ ដែលកំពុងចរាចរណ៍យ៉ាងមមាញឹក ត្រង់ចំណុចបុរីវីអាយភី ស្ថិតនៅភូមិម៉ឺនន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយបុរី វីអាយភី ប្រមាណជា១០០នាក់ ៕