ព័ត៌មានជាតិ

សម្តេចតេជោ៖ ពេលធ្វើនាយករដ្ឋមន្ត្រី ជីវិតផុយស្រួល និងគ្រោះថ្នាក់បំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងពេលធ្វើនាយករដ្ឋមន្ត្រីជីវិតសម្តេចផុយស្រួល និងគ្រោះថ្នាក់បំផុត ព្រោះការដឹកនាំប្រទេសឲ្យមានស្ថិរភាព និងអភិវឌ្ឍន៍ដូចពេលសព្វថ្ងៃ គឺផ្តើមចេញពីរាជរដ្ឋាភិបាល បានរៀបចំផែនការកំណែទម្រង់សំខាន់ៗ២យ៉ាង ។

សម្តេចតេជោថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ ។

សម្តេចតេជោបន្តថា ការដាក់ចេញកែទម្រង់២សំខាន់ៗ រួមមាន ៖ កែទម្រង់ទី១ ផ្នែកខាងនយោបាយ ដោយដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា តាមរយៈការចរចាជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ និងកំណែទម្រង់ទី២ គឺជាកំណែទម្រង់សេដ្ឋកិច្ច ចាប់ផ្តើមចេញពីកំណែទម្រង់ដីធ្លី ដោយប្រមូលយកមកវិញទាំងអស់ ដែលប៉ុលពតបានកាន់កាប់ រួចហើយបែងចែកដីធ្លីនោះទៅជាសម្បត្តិឯកជនវិញ។ ការធ្វើកំណែទម្រង់២ ខាងលើ ក្នុងគោលដៅអនុវត្តកិច្ចការទាំងឡាយ ដោយគិតគូរពីការសង្គ្រោះ អាយុជីវិតប្រជាជនជាមុនសិន និងឈានដល់ការស្តារប្រទេសជាតិឡើងវិញ រហូតដល់មានការអភិវឌ្ឍលើ គ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

សម្តេចបន្ថែមថា ចាប់តាំងពីការដួលរលំនៃរបប ប្រល័យពូជសាសន៍ប៉ុលពតមក កម្ពុជាមានភាពរីកចម្រើនជាបន្តបន្ទាប់។ យ៉ាងណាមិញ សុខសន្តិភាព ឯកភាពនយោបាយដែល ទទួលយ៉ាងលំបាកបានផ្តល់លទ្ធភាព ឲ្យមានការអភិវឌ្ឍនិងស្ថាបនាបន្ថែម លើប្រព័ន្ធអភិបាលកិច្ច តាមរយៈការរៀបចំការកែ ទម្រង់ជាលក្ខខណៈជាប្រព័ន្ធ។

សម្តេចបន្ថែមថា “ក្នុងតំណែងជានាយករដ្ឋមន្ត្រី ជីវិតសម្តេចពិតជាមានគ្រោះថ្នាក់ និងផុយស្រួលនៅត្រង់ថា បានចេញនូវកញ្ចប់កំណែទម្រង់ ពីរដើរទន្ទឹមគ្នាគឺទី១.កំណែទម្រង់នយោបាយគឺត្រូវដោះស្រាយ ជម្លោះកម្ពុជាដោយតាមរយៈការចរចា ដែលចំណុចគ្រោះថ្នាក់សម្រាប់ជីវិតសម្តេច ។ ទី២.កំណែទម្រង់សេដ្ឋកិច្ច” ៕

To Top