ព័ត៌មានជាតិ

កម្ពុជា-ឡាវ បង្កើនកិច្ចសហការបង្ក្រាប បទល្មើស រត់ពន្ធជួញដូរមនុស្ស និងគ្រឿងញៀន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ បានប្ដេជ្ញាបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន ឬសកម្មភាពជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងស្មារតីបន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្ដេច ស ខេង និង នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង បានចុះហត្ថលេខា លើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាឡាវ និងបានឯកភាព យកចិត្តទុកដាក់អនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃ ភាគីទាំងពីរ សំដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពសង្គម ព្រមទាំងសហការ បង្កលក្ខណៈសមស្រប ដល់ពលរដ្ឋចេញ-ចូលស្របច្បាប់តាមច្រកទ្វារព្រំដែន ដើម្បីធ្វើធុរកិច្ច ទេសចរណ៍ និងសួរសុខទុក្ខគ្រួសារ រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។

លើសពីនេះ ភាគីទាំងពីរ បង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធ-ជួញដូរមនុស្សឆ្លងដែន សកម្មភាពជួញដូរ និងដឹក ជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតមាននៅតាមតំបន់ព្រំដែន។

ភាគីទាំងពីរ ក៏បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការដោះស្រាយបញ្ហានានាដោយសន្តិវិធី ផ្អែកលើ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិព្រំដែន ដើម្បីចៀសវាងធ្វើ សកម្មភាព ឬបង្កបាតុភាពអសកម្មផ្សេងៗ នាំឲ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតំបន់មិនទាន់ កំណត់ខណ្ឌសីមា។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ បានបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ នៅ រដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

To Top