ភ្នំពេញ៖ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅ កម្ពុជា (CPFC) នឹងរៀបចំមហាសន្និបាតលើកទី៦ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងការបរទេស ក្រោមអធិបតីភាពលោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកសម្រប សម្រួលថ្នាក់ជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ។
យោងតាមសរចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២០ មីនាបានឲ្យដឹងថា មហាសន្និបាតនេះ នឹងមានការចូលរួមរបស់តំណាងមកពី ស្ថាប័នជាសមាជិកក្រុមប្រឹក្សា CPFC ស្ថានទូតហ្វ្រង់កូហ្វូននៅកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល វិស័យឯកជន សារព័ត៌មាន និងអង្គភាពហ្វ្រង់កូហ្វូនី។
កិច្ចប្រជុំនេះនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចជា ៖ (១) ការបង្ហាញសង្ខេប ពីព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២២ , (២) ការបង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី១៨ នៅទុយនីស៊ី , (៣) កិច្ចពិភាក្សាលើព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនីដែលនឹងត្រូវរៀបចំក្នុងឆ្នាំ២០២៣ និងការរៀបចំផែនទីចង្អុលផ្លូវ ឆ្នាំ២០២៣ និង(៤) ការធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ CPFC និងការបន្ថែមសមាជិកថ្មី។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅស្របពេល នឹងទស្សនកិច្ចលើកដំបូងរបស់ លោក Edgar DOERIG តំណាងតំបន់ថ្មីរបស់អង្គការ OIF នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលទើបនឹងចូលកាន់តំណែង នៅពាក់កណ្តាលខែមីនានេះ។ អ្នកចូលរួមមួយចំនួននឹងត្រូវបានអញ្ជើញ ឲ្យធ្វើបទបង្ហាញអំពីវិស័យការងារ របស់ស្ថាប័នរៀងៗខ្លួនរបស់ពួកគេ ព្រមទាំងសកម្មភាពនានាដែល បាននិងកំពុងអនុវត្តនៅក្នុងក្របខណ្ឌ នៃការលើកតម្កើងហ្វ្រង់កូហ្វូនី នៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕