ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង ច្រានចោលការចុះផ្សាយ របស់កាសែត The Cambodia Daily ពាក់ព័ន្ធសកម្មភាព រកស៊ីឈើខុសច្បាប់

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានច្រានចោល ការផ្សាយរបស់កាសែត The Cambodia Daily ពាក់ព័ន្ធសកម្មភាពរកស៊ីឈើខុសច្បាប់ នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ទីតាំងរូបភាពដូចនៅលើគេហទំព័រទាំងពីរ ខាងលើបានចុះផ្សាយ គឺជាទីតាំងក្រុមហ៊ុន ធី អេស អឹម ដាប់ប៊លយូ ឯ.ក (T.S W Co., Ltd.) ដោយក្រុមហ៊ុននេះបានទទួលលិខិតលេខ ១៨១ សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការផ្តល់សំណងនូវផ្ទៃដីទំហំ ៩.៧៨៨ហិកតា ៨៨៨សង់ទីអា ជាសម្បទានដីសេដ្ឋកិច្ច ជូនក្រុមហ៊ុនសម្រាប់ធ្វើការវិនិយោគ ដែលមានឈ្មោះ លោក សូ សារ៉ន ជាអភិបាលក្រុមហ៊ុន និងជាអ្នកទទួលខុសត្រូវ។ ជាក់ស្ដែងមិនមានឈ្មោះ ឧកញ៉ ម៉ឹក សុផាន់ណារ៉េត ឬហៅថាឧកញ៉ាជ័យជាឧត្តមសេនីយ៍ផ្កាយបី នៃក្រសួងមហាផ្ទៃនោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធន៍ទាំងស្រុងថា ការផ្សព្វផ្សាយអត្ថបទព័ត៌មានខាងលើនេះ គឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសបំភ្លៃការពិត និងមានគោលបំណងប្រែក្លាយឱ្យទៅជាបញ្ហានយោបាយ ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនប៉ុណ្ណោះ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមប្រកាសច្រានចោលទាំងស្រុង នូវព័ត៌មានដែលមានចរិតពិសពុល និងប្រកបដោយឧបាយកលទុច្ចរិត ខាងលើនេះ និងសូមថ្កោលទោសដល់ជន និងក្រុមមួយចំនួនដែលបានប្រព្រឹត្ត និងនៅពីក្រោយករណីនេះ ព្រមទាំងសូមអំពាវនាវ ដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត៕​

To Top