ព័ត៌មានជាតិ

បទល្មើសព្រហ្មទណ្ឌ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង កើនឡើង២៧លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២១

ស្វាយរៀង ៖ យោងតាមរបាយការណ៍ នៅក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ នៅខេត្តស្វាយរៀងកើតឡើងនៅក្នុងឆ្នាំ២០២២ មានចំនួន ៦១លើក បើប្រៀបធៀបនឹងឆ្នាំ២០២១ មាន៣៤លើក កើនឡើងចំនួន២៧លើក ។

តាមរបាយការណ៍បានបញ្ជាក់ថា បទល្មើសឧក្រិដ្ឋ ៩លើក រួមមាន លួចមានស្ថានទម្ងន់ទោស១លើក ឃាតកម្ម ៤លើក បង្ខាំងមនុស្សខុសច្បាប់២លើក និងរំលោភសេពសន្ថវៈ ២លើក និងបទល្មើសមជ្ឈិម ៥២លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦នាក់ រងរបួស ២២នាក់ រងគ្រោះ ៣៥នាក់ បាត់បង់ម៉ូតូ ១២គ្រឿង និងបាត់បង់សម្ភារៈប្រើប្រាស់មួយចំនួន ។ សមត្ថកិច្ចធ្វើការបង្រ្កាបបានចំនួន ៥៨/៦១លើក ស្មើនឹង ៩៥% ឃាត់ខ្លួនជនសង្ស័យ ៨៥នាក់ ស្រី ៩នាក់។

ជាមួយគ្នានេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដាក់ទិសដៅបានណែនាំដល់ អាជ្ញាធរពាក់ពន្ធ័ទាំងអស់ ត្រូវបន្តថែរក្សាការពារ នូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឲ្យបានជាអតិបរមា តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។

លោកអភិបាល ខេត្តបានបញ្ជាក់ថា អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារនូវសន្តិភាព ពង្រឹងនូវគុណតម្លៃនៃសន្តិភាព និងរួមគ្នាប្រឆាំងឲ្យបាន ដាច់ខាតទប់ស្កាត់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងបំផ្លាញនូវសន្តិភាព ជាពិសេសគម្រោងគាំទ្រ នានាដែលនាំទៅដល់ ការធ្វើបដិវត្តន៍តាមគ្រប់រូបភាព ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងត្រូវប្រើប្រាស់ថវិការបស់ខ្លួន ឲ្យបានចំទិសដៅ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពបំផុត។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផល ការងាររបស់រដ្ឋបាលខេត្តនេះ មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំ ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍រដ្ឋបាលប្រមាណជិត៥០០នាក់ផងដែរ៕

To Top