ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ សមត្ថកិច្ច បង្ក្រាបបទល្មើសជួញដូរមនុស្សបានច្រើន តែមិនផ្សាយជាសាធារណៈ

ភ្នំពេញ ៖ ថ្លែងចំពោះមុខបណ្ដាឯកអគ្គរាជទូតនានា ប្រចាំកម្ពុជា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា សមត្ថកិច្ចរបស់កម្ពុជា មានឆន្ទះ និងបង្ក្រាបបទល្មើស អំពើជួញដូរមនុស្ស គ្រប់ទម្រង់បានយ៉ាងច្រើន ប៉ុន្តែមិនបានផ្សព្វផ្សាយជាសាធារណៈ។

សម្ដេច ស ខេង លើកឡើងបែបនេះ ក្រោយពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចោទសួរសម្ដេច ស ខេង អំពីការជួញដូរមនុស្សថា «អត់មានព័ត៌មានចេញផ្សាយ អំពីករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស»។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាថ្ងៃ២៣ មីនា សម្ដេច ស ខេង បានឲ្យដឹងថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងតាមរយៈហ្វេសប៊ុកសម្ដេចផ្ទាល់ គិតមកដល់ថ្ងៃនេះ មានជាង៨០០ពាក្យបណ្ដឹង ភាគច្រើនសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ និងដោះស្រាយបានច្រើន។

សម្ដេចបញ្ជាក់ថា «ប៉ុន្ដែប្រហែលជាព័ត៌មានដើម្បីផ្សព្វផ្សាយហ្នឹង ព្រោះមន្ដ្រីយើងពូកែធ្វើដែរ មិនមែនអន់ទេ ប៉ុន្ដែមិនសូវធ្វើរបាយការណ៍ រាយការណ៍ប៉ុន្មានទេ? ប៉ុន្ដែអ្នកខ្លះអត់ពូកែធ្វើ ប៉ុន្ដែពូកែរាយការណ៍ ប៉ុន្ដែអ្នកខ្លះធ្វើច្រើន ប៉ុន្ដែអត់រាយការណ៍។ ឯកឧត្តម ឯកអគ្គរាជទូតអាមេរិកលើកឡើងថា បញ្ហានេះ អត់មានព័ត៌មាន។ យើងធ្វើហើយ តែអត់បានផ្សាយទេ»។

សម្ដេចក៏បានណែនាំដល់សមាជិក គ.ជ.ប.ជ ត្រូវប្រមូលផ្ដុំបញ្ហាទាំងអស់ ដើម្បីធ្វើការចាត់ចែងផ្សព្វផ្សាយ ក្នុងការផ្ដល់ព័ត៌មានឲ្យសាធារណជនបានដឹង ហើយឲ្យបានជាប់ជាប្រចាំ។ សម្ដេចបានថ្លែងអំណរគុណចំពោះព័ត៌មានទាំងឡាយ ទោះបីជាព័ត៌មានជាតិ និងអន្ដរជាតិ សម្ដេចស្វាគមន៍ជានិច្ច ដើម្បីយកមកធ្វើការសិក្សា និងរួមគ្នាធ្វើការដោះស្រាយ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេច ស ខេង ឲ្យដឹងទៀតថា ឆន្ទះនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នៅតែតាំងចិត្ត និងប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវគោរពតាមឆន្ទះនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបន្ថែមទៀត។

សូមរំលឹកថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ សមត្ថកិច្ចកម្ពុជា បានធ្វើការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទចំនួន ១៣០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់៕

To Top