ព័ត៌មានជាតិ

សិង្ហបុរី ជំរុញកម្ពុជា នាំចូលផលិតផលកសិកម្ម ឲ្យកាន់តែច្រើនមកទីផ្សារ របស់ខ្លួន

ភ្នំពេញ៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានជំរុញឲ្យកម្ពុជា នាំចូលផលិតផលកសិកម្ម ឲ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Gan Kim Yong អំឡុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៩ នាទីក្រុងម៉ាហ្គាឡាំង នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃ២២ មីនា លោក ប៉ាន សូរស័ក្ដិ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Gan Kim Yong និងសហការី ព្រមទាំងបានថ្លែងអំណរគុណ លើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីដល់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ។

ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ក្នុងនោះផងដែរលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ និងលោក Gan Kim Yong បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចនានា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ៕

To Top