ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រកាសបើកសមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន «នាគមាស-ឆ្នាំ២០២៣»

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រកាស បើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រះរាជាណាចក្រកម្ពុជា នឋោកំពង់ឆ្នាំងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

លោកនាយឧត្តមសេនីយ៍ សូមអបអរសាទរចំពោះការរៀបចំ “សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស-ឆ្នាំ២០២៣” ដែលជាការរៀបចំលើកទី៥ ចាប់តាំងពីឆ្នាំ២០១៦ មក បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងសូមថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការដឹកនាំ សមយុទ្ធនាគមាស-ឆ្នាំ២០២៣ ដែលបានសហការបំពេញការងារ ជាមួយគ្នាយ៉ាងស្អិតរមួតចាប់តាំងពី ដំណាក់កាលរៀបចំផែនការដំបូង រហូតឈានមកដល់ដំណើរការ ពិធីបើកនាពេលនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការចូលរួមប្រកបដោយការប្តេជ្ញាចិត្ត របស់កម្មសិក្សាការីនៃកងទ័ពទាំងពីរកម្ពុជា-ចិន។

លោកម៉ាណែត បន្ថែមថា សមយុទ្ធនាគមាសលើកទី៥ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃ កងទ័ពទាំងពីរកម្ពុជា-ចិន” ហើយគឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌ នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយក៏ស្របពេលដែល ឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយក្នុងនេះប្រទេសទាំងពីរបានប្តេជ្ញា ជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវដំណើរការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅថែរក្សាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

លោកនាយឧត្តមសេនីយ៍ គូសបញ្ជាក់ថា ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខ របស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនេះយើងរំពឹងនឹងទទួលបាន នូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា៖ (i) ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការ ការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ ក្នុងគ្រោះមហន្តរាយផ្សេងៗ និង (ii) ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នា រវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា។

លោក ហ៊ុន ម៉ាណែត បន្តថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបានខិតខំ ពុះពាររក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈយ៉ាងល្អប្រសើរ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ជាពិសេសជោគជ័យនៃការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនៃ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានការចូលយ៉ាងសកម្ម ពីសំណាក់កងយោធពលខេមរភូមិន្ទ។

លោកនាយឧត្តមសេនីយ៍ បន្ថែមថា ប្រាកដណាស់ យើងមិនអាចប្រមើលមើលឃើញ ជាមុនអំពីការកើតឡើងនូវគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាតថ្មីទៀតនៅពេលខាងមុខឡើយ ជាពិសេសក្នុងបរិការណ៍នៃ ការប្រែប្រួលប្រព័ន្ធអេកូឡូហ្ស៊ី និងការកើនកម្តៅនៃអាកាសធាតុពិភពលោក។ កត្តានេះបានតម្រូវឱ្យកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសាកលលោក ត្រូវត្រៀមខ្លួនជានិច្ចក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតប។ អនុលោមតាមស្ថានភាពនេះ, សមត្ថភាពប្រុងប្រៀបត្រៀមលក្ខណៈ របស់កងកម្លាំងប្រដាប់អាវុធក្នុងការឆ្លើយតប ចំពោះស្ថានភាពជាយថា ហេតុនានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពដ៏សំខាន់មួយនៃ ផែនការយុទ្ធសាស្ត្ររបស់កម្ពុជា។ ក្នុងនោះផងដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ក៏នឹងជួយដល់ការពង្រឹងភាពជាដៃគូ និងសមត្ថភាពជំនាញរបស់ កងយោធពលខេមរភូមិន្ទក្នុងនាម ជាកម្លាំងនាំមុខក្នុងប្រតិបត្តិការសង្គ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕

To Top