ព័ត៌មានជាតិ

សម្តេចតេជោ ជឿជាក់ថា កម្ពុជានឹងសម្រេចតាមផែនការជាប្រទេស លេខ១នាំចេញស្វាយចន្ទី

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាពិតជាអាចសម្រេចបានផែនការជាប្រទេសលេខ១នាំចេញស្វាយចន្ទីទៅក្រៅប្រទេសដោយឈរលើរូបមន្ត ដាំដុះ កែច្នៃនិងការផ្គត់ផ្គង។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៤មីនានេះ សម្ដេចតេជោបានក្រើនរម្លឹកទៅក្រសួងកសិកមុ្ម ត្រូវពង្រឹងគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី ហើយដើម្បីសម្រេចគោលដៅនេះ ក្រសួងពាក់ព័ន្ធត្រូវត្រួតពិនិត្យតួនាទីនិងភារៈកិច្ចរបស់ខ្លួន ក្ដាប់បញ្ហារបស់កសិករ កង្វះទុនវិនិយោគ បច្ចេកទេសត្រូវដោះឲ្យទាន់ដោយមានការជួយពីធនាគារជនបទ ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច។

សម្តេចថា រីឯផ្សព្វផ្សាយវិញត្រូវពឹងពាក់លើក្រសួងពាណិជ្ជកម្មនិងកាទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។

បើតាមសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា មិនប្រើការស្រមើស្រមៃក្នុងការធ្វើជាអធិរាជនាំចេញចន្ទីទេ តែកម្ពុជាមានសមត្ថភាពពិតដោយឈរលើហេតុផលជាក់ស្ដែងមួយចំនួនដូចជា ៖ ផ្ទៃដីដាំដុះកើនឡើង ការ នាំចេញជាក់ស្ដែងកើនឡើង១លាន១សែន៨ម៉ឺនតោន ដើរហួសប្រទេសកូតឌីវ័រដែលការនាំចេញរបស់ប្រទេសនេះមានចំនួនជាង១លាន ១លាន១សែន ។

ប៉ុន្តែយ៉ាងណាមិញ សម្ដេចស្នើឲ្យភាគីពាក់ព័ន្ធពង្រឹងសមត្ថភាពកែច្នៃ។ សមត្ថភាពកែច្នៃជាអ្វីដែលសម្ដេចយល់ថា កម្ពុជាអាចរៀនសូត្រពីឥណ្ឌានិងវៀតណាម ដែលនាំចេញចន្ទីច្រើនជាងគេលើពិភពលោក តែនាំវត្ថុធាតុដើមពីក្រៅមកច្នៃ។ ចំណែកម្ពុជាមានវត្ថុធាតុដើមត្រូវពង្រឹងសមត្ថភាពកែច្នៃជាមួយនឹងការបន្ថែមទុនប្រមាណ៦លានដុល្លារ៕

To Top