ព័ត៌មានជាតិ

សម្តេចតេជោ ៖ ចិនជួយទិញអង្ករពី កម្ពុជាកន្លងមកជានយោបាយជួយកម្ពុជាទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ចិនគឺជាប្រទេសមានប្រជាជនច្រើន ប្រទេសអ្នកមានដែលជួយទិញអង្ករពីកម្ពុជាកន្លងមក គឺជានយោបាយរបស់ចិនជួយកម្ពុជាតែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ មីនា ២០២៣សម្តេចថា «កុំភ្លេចចិន មានប្រជាជនចិនមាន១ពាន់៤រយលាននាក់ដែលមានតម្រូវការ ប៉ុន្តែគួរ ត្រូវយល់មិត្តចិនជួយ ទិញអង្ករកន្លងទៅគឺជានយោបាយរបស់ចិនជួយកម្ពុជាទេ» ។

សម្តេចបានលើកឡើងថា ចិនមានអង្ករគ្រប់គ្រាន់ហើយមានបម្រុងទុកប៉ុន្មានលានតោន។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា បើកម្ពុជាស្នើឲ្យមិត្តចិនជួយទិញស្ករសនោះចិនមិនទទួលទិញទេដោយសារតែចិនប្រជាជនគេមានផលិតស្ករសច្រើន។

សម្តេចតេជោបានគូសយ៉ាងដូច្នេះថា «តិចតិចទៅមើលឃើញចិនមានប្រជាជនច្រើនអីញ្ចឹងខ្វះអង្ករឬខ្វះស្ករសគឺអត់ទេ ចិនមានគ្រប់ ប៉ុន្តែចិនជួយយើង តែអ្វីដែលចិនខ្វះ ដូចជាផ្លែក ចេក និងផលិតផលផ្សេងទៀត»។

សម្តេចតេជោក៏បានស្នើឲ្យពន្លឿនការរៀបចំផែនការ និងការអនុវត្ត គំនិតផ្តួចផ្តើមសេចដ្ឋកិច្ចទី៤នៅទិសពាយ័ព្យដោយភ្ជាប់នឹងច្រកមច្ឆានិងអង្ករ ដើម្បីគៀងគរអ្នកវិនិយោគនៅក្រៅប្រទេសមកចូលរួមផលិតកម្មមកកែច្នៃ និងការនាំចេញកសិកផល វារីវប្បកម្ម ប្បសុសត្វទៅកាន់ទីផ្សារសេដ្ឋកិច្ចចិន និងអន្តរជាតិ។

សម្តេចក៏បានកំណត់យកខេត្តចំនួន៤ជាប៉ូលសេដ្ឋកិច្ចទី៤ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ សម្តេចតេជោក៏បានសម្តែងក្តីសង្ឃឹមថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៥នៅភូមិភាគឦសាន្តហើយយកវិស័យកសិឧស្សាហកម្មជាស្នូលរួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដោយរុញច្រកនេះឲ្យដំណើរការ ដោយសារខេត្តទាំងនេះមានភូមិមួយផលិតផលមួយ៕

To Top