ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសដូមីនីក កោតសរសើរការអភិវឌ្ឍ របស់កម្ពុជា និងការលើកកម្ពស់ជីវភាពពលរដ្ឋ ដែលទទួលបានផ្លែផ្កា ពីសន្តិភាព និងស្ថិរភាព

ភ្នំពេញ៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានកោតសរសើរចំពោះកម្រិត​ នៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា ។

ការថ្លែងកោតរសរសើរនេះ ធ្វើឡើងក្នុងជំនួបទ្ធេភាគីរវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត វីន ហេនដឺសាន់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះភាគីកម្ពុជា និងដូមីនីក បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោករដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាព និងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួន សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ។

លោករដ្ឋមន្ត្រី ហេនដឺសាន់ បានកោតសរសើរចំពោះកម្រិត នៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា។ លោករដ្ឋមន្ត្រី បានឯកភាពចំពោះគន្លឹះនៃការអភិវឌ្ឍ គឺសន្តិភាពនិងស្ថិរភាព និងបញ្ហាប្រឈមនានាដែលរដ្ឋតូចៗជួបប្រទះ ក្នុងបរិបទការប្រកួតប្រជែងរវាងមហាអំណាច។

ភាគីទាំងពីរ បានពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីស្វែងរកសក្ដានុពលនានាក្នុងវិស័យមួយចំនួន ដែលមានផលប្រយោជន៍រួម ដូចជា ពាណិជ្ជកម្មនិងការវិនិយោគ កសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទេសចរណ៍ធម្មជាតិ និងបដិសណ្ឋារកិច្ច ជាដើម។ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ អំពីលទ្ធភាពនៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី ជាពិសេស ប្រព័ន្ធអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា លោក អ៊ុច បូរិទ្ធ និងលោកបណ្ឌិត វីន ហេនដឺសាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេស កុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ ៕

To Top