ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញមកដល់កម្ពុជា

ភ្នំពេញ៖ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ២៧ មីនា ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវការនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយលោកក៏នឹងមានជំនួបសម្តែង ការគួរសមដាច់ដោយឡែកជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើ កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលរួមជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីលៀងសាយភោជន៍ស្រាយបួស​ របស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាពរបស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ ៕

To Top