ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បង្កើនការទិញបំពេញតម្រូវការឲ្យគ្នា ខណៈទំហំពាណិជ្ជកម្មកើន៦២០លានដុល្លារ

ភ្នំពេញ ៖ ថ្លែងចំពោះមុខលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើម៉ាឡេស៊ី បង្កើនការទិញ ទំនិញដែលបំពេញតម្រូវការឲ្យគ្នា ព្រោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបាន៦២០លានដុល្លារ ក្នុងឆ្នាំ២០២២ កន្លងទៅ។

នាឱកាសអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាថ្ងៃ២៧ មីនា សម្ដេចតេជោបានថ្លែងថា ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សម្រេចបាន៦២០លានដុល្លារ ក្នុងឆ្នាំ២០២២ កើន២៤% បើធៀបទៅនឹងឆ្នាំ២០២១ សម្រេចបានត្រឹម ៥០០លានដុល្លារ។

សម្ដេចតេជោបញ្ជាក់ថា «ក្នុងការពង្រីកវិសាលភាព ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ខ្ញុំ បានស្នើបង្កើនការទិញទំនិញ ដែលបំពេញតម្រូវការឲ្យគ្នាទៅវិញ ទៅមក។ ខ្ញុំ បានលើកទឹកចិត្តឲ្យមានវិនិយោគគិន និងក្រុមហ៊ុនម៉ាឡេស៊ី មកធ្វើធុរកិច្ច និងវិនិយោគឲ្យបានកាន់តែច្រើន»។

ចំពោះវិស័យទេសចរណ៍ សម្ដេចតេជោបានស្នើឲ្យអនុវត្តអនុសារណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការទេសចរណ៍ ឲ្យមានប្រសិទ្ធិភាព និងស្នើម៉ាឡេស៊ី គាំទ្រដល់កម្ពុជា ក្នុងអភិវឌ្ឍការងារទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាល និងបច្ចេកទេស។

ចំពោះវិស័យកសិកម្ម សម្ដេចនាយករដ្ឋមន្ដ្រី បានឯកភាពបន្ដជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព នូវអនុស្សារណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍវិស័យឧស្សាហរកម្មនៅកម្ពុជា៕

To Top