ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទព័ វីរនគរបាល ដែលឈរជើងការពារព្រំដែន នៃកងពលធំអន្តរាគមលេខ៣ ទិសប្រាសាទព្រះវិហារ និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ព និងគ្រួសារកងទ័ពផងដែរ ។

ក្នុងឱកាសនេះ លោក កើត ឆែ បានលើកឡើងពីគុណតម្លៃមហាសាល នៃសន្តិភាពដែលត្រូវតែខិតខំថែទាំការពារឲ្យបានគង់វង់ថិតថេរ ហើយដើម្បីការពារសន្តិភាព បានយូអង្វែង ត្រូវតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អាណត្តិទី៧ និងអាណត្តិបន្តទៀត នឹងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់ពេលអនាគត ។

លោកអភិបាលរងបន្តថា ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់ប្រាជ្ញាស្មារតី និងអាយុជីវិត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។

លោក កើត ឆែ បន្តលើកឡើងអំពីតួនាទីសន្តិភាពថា បើគ្មានសន្តិភាព អស្ថេរភាពនយោបាយ គឺគ្មានអ្នកវិនិយោគមកទេ ដោយសារតម្លៃនៃសន្តិភាពនេះហើយ ទើបធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចនៅទូទាំងប្រទេសមានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ។ ឯសមរភូមិក្រោយ ជាអ្នកអភិវឌ្ឍន៍ ហើយរាជធានីភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាព ឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។

គួរឲ្យដឹងថា ចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបាននាំយក ទៅជូនកងទ័ព ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងខិតចូលមកដល់ នាពេលខាងមុខ រួមមាន៖ សំរាប់កងពលធំអន្តរាគមន៍លេខ៣ ចំនួន២០លានរៀល , មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល , មេបញ្ជាការងកងពល២០រូប ក្នុង១រូបថវិកា២០ម៉ឺនរៀល , នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំកងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល ព្រមទាំងនាយទាហ៊ាន ពលទាហ៊ាន ថវិកាក្នុងម្នាក់៥ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ជាមួយប្រទេសជិតខាងក្តី តែកងទ័ពមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ គឺតែងបានពង្រឹងស្មារតី ការពារបូរណភាពទឹកដី មិនឲ្យសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមជនអគតិណាមួយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ស្រី ឌឹក បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការជួយឧបត្ថម្តគាំទ្រ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអង្គភាពសម្ពន្ធ័ភាព បានធ្វើឲ្យជីវភាព កងទ័ពនិងគ្រួសារ កងទ័ពកាន់តែមានភាពល្អប្រសើរ៕




