ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជាសង្ឃឹមថា ពិភពលោក នឹងរិះរកវិធីសាស្ដ្រគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យធ្លាក់ចុះបន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសង្ឃឹមថា ពិភពលោក នឹងរិះរកវិធីសាស្ដ្រគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យធ្លាក់ចុះបន្ថែមទៀត ទោះបីមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកលក៏ដោយ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកកំពុងប្រកាសអាសន្ន ខណៈ សម្ដេចគិតថា ការប្រកាសអាសន្ននេះ ពលរដ្ឋខ្មែរ កុំមានការភ័យស្លន់ស្លោ រហូតទៅដល់ដកលុយចេញពីធនាគារ។

ចំពោះ IMF និងធនាគារពិភពលោក បានចេញមកព្រមានអំពីធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ម្ដងហើយ ម្ដងទៀត សម្ដេចគិតថា ការព្រមាននោះ ជារឿងត្រឹមត្រូវ ប៉ុន្ដែការព្រមាននោះ នឹងក្លាយទៅជាចិត្តសាស្ដ្រមួយដែរ សម្រាប់ប្រជាពលរដ្ឋ។

សម្ដេចតេជោបញ្ជាក់ថា «ទោះបីមានការព្រមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយចុះ ក៏ប៉ុន្ដែ ខ្ញុំ សង្ឃឹមថា ពិភពលោកនឹងរកវិធីគ្រប់គ្រង់ វិធីសាស្ដ្រគ្រប់គ្រងនៃសេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត»។

សូមរំលឹកថា និយ័តកររដ្ឋរបស់សហរដ្ឋអាមេរិក បានបិទធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ដែលជាការក្ស័យធនដ៏ធំបំផុតទីបី នៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់អាមេរិក។ ការបិទនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីអាជ្ញាធរបានបិទធនាគារ Silicon Valley ក្រោយពេលអតិថិជនយ៉ាងច្រើននាំគ្នា សម្រុកមកដកប្រាក់បញ្ញើចេញពីធនាគារនេះ ៕

To Top