ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី- អ៊ុយក្រែនដែលអូសបន្លាយជាង ១ឆ្នាំមកនេះ (ចាប់ផ្តើមពីដើមឆ្នាំ២០២២) នឹងមិនមានអ្នកមួយ វាយកម្ទេចអ្នកមួយបានឡើយ ដោយចុងក្រោយ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ។
សម្តេចតេជោបានថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាព្រឹកថ្ងៃ៣០ មីនាថា «រឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គេអាចដឹងបានថា វានឹងត្រូវបញ្ចប់គ្រាន់តែពេលវេលា បញ្ចប់នៅពេលណានោះទេ? រុស្ស៊ីមិនអាចវាយកម្ទេចអ៊ុយក្រែនបានទេ ហើយអ៊ុយក្រែនក៏មិនអាច វាយកម្ទេចរុស្ស៊ីបានដែរ។ ចុងក្រោយគឺច្បាស់ណាស់ថា នឹងមានការចចារកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនោះ»។
សម្តេចតេជោក៏បានលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅរុស្ស៊ី ហើយបានដាក់ចេញដំណើរ ទៅលើសន្តិភាពដែលកម្ពុជាគាំទ្រ ទៅនឹងសំណើរទាក់ទិននឹងការ ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមិនត្រូវយកសង្គ្រាមបញ្ចប់ ដោយសង្គ្រាមនោះទេ។
សម្តេចគូសញ្ជាក់ទៀតថា «ខ្ញុំមិនជឿទាល់តែសោះថា រុស្ស៊ីអាចកម្ទេចចោលអ៊ុយក្រែនទាំងមូល ឬក៏អ៊ុយក្រែនអាចកម្ទេចរុស្ស៊ីចោលទាំងមូលគឺអត់ទេ! មិនអាចទេ បើទោះបីជាសង្គ្រាមនេះរីករាលដាលដល់ក្រមខណ្ឌណាតូទាំងមូល ក៏មិនអាចណាតូទៅកម្ទេចរុស្ស៊ី ឬក៏រុស្ស៊ីកម្ទេចណាតូនោះទេ»។
ជាមួយគ្នានោះដែរ សម្តេចតេជោបន្ថែមថា “នេះចំណុដែលយើងត្រូវឃើញ អីចឹងទេលទ្ធភាពនៃការបញ្ចប់សង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងកើតមានហើយ វាបានចាប់ផ្តើមចេញដំណើររួចហើយដែលពីមុន គឺចេញតាមរយៈអគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈសម្របសម្រួល ដោយប្រធានាធិបតីតួកគី លើបញ្ជាការដឹកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែន ទៅផ្គត់ផ្គង់ឲ្យប្រទេសខាងក្រៅ” ។
សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា ការដោះស្រាយបញ្ហា ដោយពេលខ្លះមានការសម្របសម្រួលគ្នា ដើម្បីជម្លៀសប្រជាជន ដោះដូរឈ្លើយសឹកជាដើម។ សម្តេចបានអះអាងចំពោះសំណើ របស់ប្រធានធិបតីចិន គឺធ្វើបានទូលំទូលាយជាង ដោយគ្របដណ្តប់ទៅលើដំណោះស្រាយ រកសន្តិភាពដោយសង្គ្រាមមួយ ដែលកំពុងហែកហួរនៅទីនោះ។
ការលើកឡើងរបស់សម្តេចតេជោ នូវអត្ថន័យដូចខាងលើនេះ ហាក់មានទំនោរគាំទ្រចិនដែលជាមិត្តដែកថែប ឬនៅចំប្រឡោះកណ្តាលអំពី ការឲ្យបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២នេះ ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីងទៅកាន់រុស្ស៊ីដ៏កម្រក្រោយរុស្ស៊ី និងអ៊ុយក្រែនមានជម្លោះសង្គ្រាម ជាមួយគ្នាអស់រយៈពេលជាង ១ឆ្នាំមកនេះ ព្រោះបើតាមអ្វីដែលសម្តេចបានលើកថា លោក ស៊ី ចង់ឲ្យមានដំណើរប្រកបដោយ សន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ៕