ព័ត៌មានជាតិ

លោកស្រីបណ្ឌិត​ ម៉ែន សំអន​ អញ្ជើញប្រារព្ធពិធីជូនពរ​ អបអរសាទរចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​រវាងថ្នាក់ដឹកនាំ ខេត្តស្វាយរៀង ( កម្ពុជា ) និង ថ្នាក់ដឹកនាំ ខេត្តឡុងអាន និង ខេត្ត តៃនិញ ( ប្រទេស វៀតណាម ) ស្ថិតនៅ សាលប្រជុំ អាគារ “ ឃ ” សាលាខេត្ត ស្វាយរៀង​ ។

នៅក្នុងឪកាសនោះលោកស្រីម៉ែន វិបុល អភិបាលខេត្តបានថ្លែងថា ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃមនុញ្ញផលដែលកើតចេញពីផ្លែផ្លា នៃចំណងកិច្ចសហប្រតិបត្តិ ដែលខេត្តយើងទាំងបីរួមមានខេត្តស្វាយរៀង ឡុងអាន តៃនិញ កសាង និងសម្រេចបានរួមគ្នាក្នុងគ្រប់ដំណាក់កាល ជាពិសេសក្នុងឆ្នាំ២០២២កន្លងមក។

លោកស្រីបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានសុទិដ្ឋិនិយម និងជឿជាក់ថា នាឱកាសឆ្នាំថ្មីនេះ នឹងផ្ដល់នូវបរិយាកាស ទិដ្ឋភាព រូបភាព និងកាលានុវត្តភាពថ្មីៗ ដែលនាំឲ្យយើងកាន់តែពង្រឹង បាននូវជំនឿទុកចិត្តទៅវិញទៅមក បន្ថែមភាពស៊ីជម្រៅ និងប្រសិទ្ធភាពដល់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងខាង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែន ប្រកបដោយសន្តិភាព ភាតរភាព និងចីរភាព ។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត​ បានមានប្រសាសន៍ថា​ បន្ទាប់ពីបានបើកប្រទេសឲ្យដំណើរការឡើងវិញ​ ក្រោយវិប្បត្តិកូវីដ១៩​ កម្ពុជា​-វៀតណាម​ នៅតែរក្សាបាននូវ​ «ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ​ និង ស្ថិរភាពយូរអង្វែង » កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបី ក៏ នៅតែ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាង មានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈ ការសហការ សម្របសម្រួល យ៉ាងជិតស្និទ្ធិធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និង ការចរាចរណ៍ទំនិញ និងផលកសិកម្ម នៅតាមព្រំដែន ការបង្កលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋទាំងសង្ខាង​ ធ្វើការប្រមូលផលដំណាំ ផសេងៗ នៅតាម ព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ១៩ ៕

To Top