ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ទីក្រុងវៀងច័ន្ទ ដោយសុវត្ថិភាព

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១០.២០នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ។

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្ដេចតេជោ និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ។

សូមជម្រាបថា កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញ អំពីវឌ្ឍនភាព និង សមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គ សម្រេចបានតាមរយៈការ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និង ភាពជាដៃគូឆ្ពោះ ទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាន នៅក្នុងអាងទន្លេមេគង្គ និងកំណត់ នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕

To Top