ព័ត៌មានជាតិ

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ ៣ខ្សែ ក្នុងខេត្តក្រចេះ ត្រូវបានបើកការដ្ឋាន ដោយចំណាយ ៤០លានដុល្លារ

ភ្នំពេញ ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋាន គ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ រំពឹងថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និងតំបន់ព្រំដែន។

ពិធីប្រកាសបើកការដ្ឋាន លើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី Maryam Salim ប្រធានគ្រប់គ្រង ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមរំលឹកថា កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកា សាងសង់ សរុបប្រមាណ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទាន សម្បទាន របស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូល ទាំងការងារ បោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ ៕

To Top