ព័ត៌មានជាតិ

ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជា តែឯងមិនអាចធ្វើបាននោះទេ គឺទាមទារកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងសកលលោក

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអង់គ្លេសថា ការងារប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងសកលលោក។

នាឱកាសអនុញ្ញាតជូនលោក Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួប សម្ដែងការគួរសម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញា ចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

សម្ដេច បន្ដថា ជាពិសេស គឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។

សម្ដេច បានសង្កត់ធ្ងន់ថា «ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស គឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់ នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធ ក៏ដូចជា មេក្លោង ជាដើម»។

ជាមួយគ្នានេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងពីបំណងឲ្យមានកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធល្អៗ របស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន។

នាឱកាសនោះ លោកទូត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក៏មាន សម្ដេច ស ខេង ជាអ្នកដឹកនាំផ្ទាល់ដែលបានខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់។

ចំពោះការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លោកទូត រីករាយ ដែលបានចូលរួមចំណែក ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តនូវយន្តការនានាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស៕

To Top