ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវចូលរួមថែរក្សាសន្ដិសុខ ក្នុងដំណើរការបោះឆ្នោត ឱ្យប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែងជាដើម។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការ រៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង ក៏បានណែនាំដល់កងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ គ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

សម្ដេច បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិលនិងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឲ្យ កិច្ចដំណើរការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាង មុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព»។

លើសពីនេះ សម្ដេច ស ខេង ក៏បានក្រើនរំឮកដល់ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី-ខេត្តសម្រាប់ការ បោះឆ្នោត និងកងកម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ត្រូវលើកកំពស់ស្មារតីប្រុង ប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងដំណាក់កាល បោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលជាដំណាក់កាលយ៉ាងសំខាន់ ដោយត្រូវសហការឲ្យបាន ល្អជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រធានការិយាល័យ បោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីម្ចាស់ការគ្រប់គ្រងសភាពការណ៍នៅតាមការិយាល័យបោះ ឆ្នោតនីមួយៗ ឱ្យបានល្អប្រសើរ ៕

To Top