ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម

ភ្នំពេញៈ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ទទួលបន្ទុកការងារភាគខាងត្បូង ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ចូលជួបសំណេះសំណាល ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមក ដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏ស្របពេលដែលកម្ពុជា ក៏កំពុងមមាញឹកត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ផងដែរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែង នូវការអរគុណចំពោះទឹកចិត្ត និងកាយវិការប្រកប ដោយមិត្តភាពជិតស្និទ្ធ រវាងកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ និង បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនវៀតណាម ដែលស្តែងឡើង តាមរយៈការអញ្ជើញមកសាក សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចពេលនេះ។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងអង្គភាពទាំងពីរលើការងារជាច្រើន រួមមានជាអាទិ៍៖ ការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការងារខណ្ឌសីមា និង ការបោះបង្គោលព្រំដែន ព្រមទាំងការសហការ បង្កលក្ខណៈងាយ ស្រួលដល់ប្រជាជន និងប្រជាជន អាចធ្វើសកម្មភាព ផ្លាស់ប្តូរសេដ្ឋកិច្ច ជាមួយគ្នាទៅវិញ ទៅមកនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពទាំងពីរ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការសម្រេចបាននូវការ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ដោយសព្វថ្ងៃ អនុស្សារណៈនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងលើកកម្ពស់កិច្ច សហប្រតិបត្តិការ លើការងារគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ សំដៅធានារក្សាបាននូវ តំបន់ព្រំដែនប្រកបដោយសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ៕

To Top