ព័ត៌មានជាតិ

ពលករខ្មែរ ៨នាក់ បានស្លាប់ និងរបួស ៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅថៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាចំនួន ៨នាក់បាត់បង់ជីវិត និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្ដដឹកអ្នកដំណើរ និងរថយន្ដកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

យោងតាមសាររំលែកទុក្ខ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាថ្ងៃទី១០ មេសា នេះ បានឲ្យដឹងថា «មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មានអំពី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតីន័រ នៅខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជា ចំនួន៨នាក់ និងអ្នករបួសចំនួន ៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ»។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងចូលរួមរំលែកទុក្ខដ៏សោកសង្រេង បំផុតជាមួយក្រុមគ្រួសារ សាច់ញាតិនៃសព ៕

To Top