ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវឲ្យបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។

យោងតាមសេចក្ដីអំពាវនាវ របស់ គ.ស.ច.គ ថ្មីៗនេះ សម្ដេច ស ខេង បានប្រាប់ប្រជាពលរដ្ឋ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ ពេលវេលា, មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដាច់ខាត, ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច (បន្ថយល្បឿន ឬឈប់នៅផ្លូវប្រសព្វ), ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត, មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេង ភ្ជាប់ទំនាក់ទំនង។

សម្ដេច ស ខេង បញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យ បានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិ របស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើង ដែលកំពុងតែមានការ អភិវឌ្ឍលើគ្រប់វិស័យ»។

លើសពីនេះ សម្ដេច ស ខេង មានសេចក្តីសង្ឃឹមជឿជាក់ លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជា អនុវត្តតាមសេចក្តីអំពាវនាវនេះប្រកប ដោយស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ សំដៅនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ និងបន្តជារៀងរហូតទៅ៕

To Top