ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំ អាជ្ញាធរនិងមន្ទីរជំនាញចុះ ពិនិត្យវឌ្ឍនភាព នៃការស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះ សម្រេចបានប្រមាណ ជិត៥០ភាគរយ គ្រោងឲ្យរួចរាល់ នៅមុនរដូវវស្សាខាងមុខនេះ។

តាមការបញ្ជាក់របស់ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង៦៥៤៦ម៉ែត្រ ។ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែកត្នោតហើយ ទំនប់នេះក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ ។ ទំនប់នេះ បានបើកការដ្ឋាន កាលពីដើមខែ មីនាឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់ នៅមុនរដូវវស្សាខាងមុខ ។ ការដ្ឋាននេះសម្រេចលើ ការចាក់ដី លើកជាទំនប់បានប្រមាណ៣០០០ម៉ែត្រ ស្មើនឹង៤៥%។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកឡើងថា គម្រោងលើកជាទំនប់ សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ។ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារ ទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ ។ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបានហើយ ប្រជាពលរដ្ឋ ក៏នៅតែអាចធ្វើដំណើរបាន ជាធម្មតាថែមទៀត៕




