ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយ ចំពោះការបត់បេះដូងក្រដាស ដោយពលរដ្ឋកម្ពុជា បានជិត ៤លានបេះដូង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការបត់ក្រដាសដោយប្រជាពលរដ្ឋកម្ពុជា បានចំនួន ៣,៩១៧,៨០៥បេះដូង  ដែលបានបំបែកឯតទគ្គកម្ម បេះដូងច្រើនជាងគេ នៅលើពិភពលោក។

នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍ អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំពោះកម្មវិធី ឯតទគ្គកម្ម ចំនួនបេះដូងក្រោយៗ គួរយកចំនួនភាគរយ នៃប្រជាជនក្នុងប្រទេស ដែលបានបត់រូបបេះដូងមកធ្វើការប្រកួតប្រជែងគ្នា ពីព្រោះថា «បើប្រទេសធំមានប្រជាជនច្រើន គឺមានឱកាសច្រើនជាង ប្រទេសតូចមានប្រជាជនតិច គឺឱកាសតិចជាង»។

សូមរំលឹកថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។

បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូង ពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា៕

To Top