ភ្នំពេញ៖ ថ្លែងជាសាធារណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យអ្នកមាន ប្រវត្តិស្រឡាញ់ គ្នានៅលើឡានក្រុងពេល ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកនេះ ហើយឈានដល់រៀប អាពាហ៍ពិពាហ៍ អញ្ជើញសម្តេចផងដើម្បីចង់ដៃ។
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-20_09-02-20-1024x630.jpg)
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃ ២០មេសា សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា បើតាមរបាយការណ៍ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងមកនេះមាន ប្រជាពលរដ្ឋដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាង១៣លាននាក់នៅទូទាំងប្រទេស។ សម្តេចតេជោ ក៏បានអរគុណ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តក្រុងដើម្បីដឹង ប្រជាពលរដ្ឋទៅស្រុកកំណើត ប្រមាណជាង៥ម៉ឺននាក់។
សម្តេចបញ្ជាក់ថា «មើលប៉ុន្មានឆ្នាំចុងក្រោយនេះលើក លែងតែដំណាក់កាលកូវីដទេ ខ្ញុំចង់ដេញថ្លៃជាមួយរថយន្តឈ្នួល និងតាក់ស៊ី ពូកែឡើងថ្លៃកប់ពពកអីចឹងខ្ញុំចាប់ផ្តើមលេង«…» យើងសង្កេតមើល ថែមរថយន្តទៀត»។
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-20_09-02-16.jpg)
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា «អ្នកខ្លះគេនិយាយគ្នាបែបនេះទៀត គឺគេស្គាល់គ្នានៅលរថយន្តក្រុង ដែលពីមុនគេមិនដែលស្គាល់គ្នានោះទេ។ វាសប្បាយដល់ប៉ុណ្ណឹង! គេជិះឡានជាមួយគ្នា គេស្គាល់គ្នាលើឡាន ហើយសង្ឃឹម ថាអាចមាននារី ឬបុរសដែលនៅកម្លោះ និងក្រមុំដែលបានរៀបការ ស្គាល់គ្នា តាមឡានក្រុងប្រាប់ខ្ញុំផងដើម្បីចង់ដៃ»។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថាកាលពីថ្ងៃអង្គរសង្ក្រាន្តកន្លងមកមាននារី បុរសគេបានស្គាល់គ្នា ជួបគ្នាហើយបានរៀបការជាមួយគ្នា។ ប៉ុន្តែនៅឆ្នាំនេះសម្តេចសង្ឃឹមថានារី បុរសអាចជួបគ្នានៅលើឡានក្រុង បន្ទាប់ទៅគេរៀបការជាមួយគ្នា។
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-20_09-02-13.jpg)
ចំពោះអ្នកដែលស្គាល់គា្នតាមឡានក្រុងពេលទៅលេងស្រុកថ្ងៃចូលឆ្នាំសម្តេចតេជោបានសង្កត់ធ្ងន់ថា«បើយ៉ាងដូច្នេះ ពេលរៀបការសូមធ្វើលិខិតផ្ញើឲ្យខ្ញុំផងដើម្បីខ្ញុំចង់ដៃ ។ នេះជាស្ថានភាពដែលបង្កការ សប្បាយសម្រាប់ប្រជាពល រដ្ឋក្នុងឱកាសចូលឆ្នាំថ្មី»។
ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានលើកឡើងពីការភ័យខ្លាច ចំពោះប្រជាពលរដ្ឋដោយសារការ ឆ្លងជំងឺកូវីដ នៅពេលកន្លងមកផងដែរ។
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-20_09-02-08.jpg)
សូមជម្រាបថាចាប់ពីថ្ងៃទី១៣-១៧ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ។ រថយន្តក្រុងទាំង៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែក៧០គ្រឿងសម្រាប់ដឹកជញ្ជូន ពលរដ្ឋនៅរាជធានីភ្នំពេញ។ ចំណែក២៧៥គ្រឿងទៀត សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តមួយចំនួន៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)