ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Justin Kevin Wayatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍លើប្រព័ន្ធភស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
នាឱកាសនោះ លោកទូតអូស្រ្តាលីបញ្ជាក់លើ ចំណាប់អារម្មណ៍លើប្រព័ន្ធភស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ លោកថា ប្រតិបត្តិការឃ្លាំងផ្ទេរផ្ទុកទំនិញត្រជាក់នេះ នឹងផ្តល់សេវាកម្មភស្តុភារកម្ម ដែលអាចគ្រប់គ្រងសីតុណ្ហភាព Temperature Controlled Logistics (TCD) ការដឹកជញ្ជូនក្នុងរយៈពេលវែង និងជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដូចជាជួយផ្តល់ឱកាសការងារដល់ប្រជាជន បម្រើដល់ក្រុមហ៊ុនកសិឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃម្ហូបអាហារ ក្រុមហ៊ុនឱសថ ក្រុមហ៊ុនលក់រាយផ្នែកចំណីអាហារ និងអាជីវកម្មបដិសណ្ឋារកិច្ច មានសណ្ឋាគារ-ភោជនីយដ្ឋាន ជាដើម។
លោកទូតអូស្ដ្រាលី ក៏បានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការជំរុញ និងពង្រឹងទំនាក់ទំនងរវាងវិនិយោគិនឯកជន ពីប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។
ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី និងទូតអូស្ដ្រាលី បានលើឡើងអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗ ដើម្បីលើកកម្ពស់ការតភ្ជាប់ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឲ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស រួមមាន៖ ការរៀបចំផែនការមេភស្តុភារកម្ម គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្មពហុបំណងភ្នំពេញ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គម្រោងផ្លូវល្បឿនលឿន និងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនជាដើម ៕