ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការចង់ឈ្នះឆ្នោត ដោយបំភ្លេចចោល ឪពុក-ម្ដាយ មិនមែនជារឿងល្អ និងគុណធម៌

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការចង់ឈ្នះឆ្នោត ដោយបំភ្លេចចោល ឪពុក-ម្ដាយ គឺមិនមែនជារឿងល្អ និងគុណធម៌ របស់មនុស្សឡើយ។

សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពីសម្ដេចបានសម្រេច ជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាថ្ងៃបុណ្យខួបនៃមរណភាព បិតារបស់សម្តេច គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ស្របពេលកម្ពុជានឹងរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាថ្ងៃ២៣ កក្កដា ។ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាព កាលពីម៉ោង៤និង១០នាទីទៀបភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ ។ គិតមកទល់ពេលថ្ងៃ១២ កក្កដាខាងមុខនេះ គឺគម្រប់ខួប១០ឆ្នាំហើយ ។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលជាវត្តតម្កល់ ធាតុរបស់បិតា-មាតាសម្តេច នាថ្ងៃ២៤ មេសា សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៥ឆ្នាំ នៃមរណភាពរបស់មាតា សម្ដេច ហើយក៏ជាខួបលើកទី១០ឆ្នាំ នៃមរណភាពរបស់បិតាសម្ដេច និងជាខួប១០០ឆ្នាំ នៃថ្ងៃកំណើតរបស់បិតា សម្ដេចផងដែរ។

សម្ដេចតេជោបន្តថា «ដូច្នេះកូនចៅ នឹងធ្វើពិធីជុំគ្នាតែម្ដង ដោយមានការធ្វើពិធីខួប១០ឆ្នាំ នៃរមណកាលរបស់ឪពុក (ឪពុកសម្ដេច) និងខួបទី២៥ឆ្នាំ នៃរមណកាលរបស់ម្ដាយ (ម្ដាយសម្ដេច) និងខួប ១០០ឆ្នាំ នៃកំណើតរបស់ឪពុករបស់ខ្ញុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។ ពិតមែនហើយពេលនោះ យុទ្ធនាការបោះឆ្នោតប្រព្រឹត្តទៅ ក៏ប៉ុន្ដែរឿងបោះឆ្នោត គឺជារឿងមួយ តែគុណបំណាច់របស់ ឪពុក-ម្ដាយ គឺមិនអាចបំភ្លេចបានទេ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោល ឪពុក-ម្ដាយ គឺមិនមែនជារឿងល្អ និងគុណធម៌ សីសធម៌របស់មនុស្ស ដូចជា ករុណាខ្ញុំ និងភរិយានោះទេ»។

ឆ្លៀតឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី ប្រកាសថា អាណាចក្ររីកចម្រើន ធ្វើឲ្យវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើន។ សម្ដេចថា ប្រជាពលរដ្ឋមានជីវភាពធូរធា ចង្ហាន់សម្រាប់ព្រះសង្ឃក៏សំបូរផងដែរ រួមទាំងសទ្ធាជ្រះថ្លា កសាងទីអារាម៕

To Top