ព័ត៌មានជាតិ

សម្តេចតេជោ ៖ បច្ចុប្បន្នខ្ញុំអាចជាអ្នកទោសពាក់កណ្តាល ដោយសារដាក់ពង្រាយ កំលាំងការពារពេលទៅណាម្តងៗ

ភ្នំពេញ ៖ ក្នុងន័យលេងសើច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សម្តេចអាចចាត់ទុក ជាអ្នកទោសពាក់កណ្តាលទៅហើយ ដោយសារទៅទីណា មានការដាក់ពង្រាយកងកំលាំង យាមយ៉ាងតឹងរឹងបំផុត។

ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី នាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំមកដល់ភ្លាមមិនដឹងអង្គរក្សនិងកំលាំងមកពីខាងណាទេ គឺវេទនាមែនទែន ហើយឥឡូវសូមនិយាយថា ស្ថិតក្នុងស្ថានភាពជាអ្នកទោសពាក់កណ្តាល អាចនិយាយបានថា អីចឹងម្តងអត់មានសេរីភាពទេ»។

សម្តេចតេជោក៏បានលើកឡើងថា កាលពីថ្ងៃមុនកូនស្រីសម្តេចបានខំរៀបចំហៅឪពុក(សម្តេច)ទៅលេងកែបជាមួយម្តាយដោយស្ងាត់ស្ងៀម តែស្រាប់ព្រឹកឡើងមើលតាមប្រព័ន្ធវ៉ាត់អាប់ (watup) ក្រុមអង្គរក្សក៏បានចាត់កំលាំងតំាងពីខេត្តកណ្តាល កំពង់ស្ពឺ តាកែវ រហូតដល់កំពតនិងកែបតែម្តង “អីចឹងគ្រាន់តែទៅដើរលេងមានការរៀបចំកំលាំងអាចនិយាយថារាប់ពាន់នាក់ ហើយរៀបចំនៅកន្លែងលេងនោះប្រមាណ៣រយនាក់ថែមទៀត ។ ដូច្នេះ ខ្ញុំនិយាយថា មិនចាំបាច់ទៅទេ បើរៀបចាំអីចឹងគ្រាន់ទៅដើរ លេងសោះ” ។

ជាមួយគ្នានោះដែរ សម្តេចតេជោបានឲ្យដឹងថា លើកក្រោយពេលសម្តេច ទៅកន្លែងណា អាចឲ្យដឹងតែ១០ទៅ១៥នាទីប៉ុណ្ណោះ បើមិនដូច្នេះអស់លោក នឹងដាក់កំលាំងពង្រាយពេញផ្លូវដែលជាការបាត់សេរីភាពវិញទេ។ សម្តេចតេជោក៏បានចំអកទៅមនុស្សខ្លះថា ការធ្វើជាអ្នកធំមានការពិបាក ប៉ុន្តែមានអ្នកចង់ធ្វើ តែវាសនារបស់គេចារមកមិនបានធ្វើទេ ទោះបីជាគេស្លាប់ជាតិក្រោយ ក៏មិនបានធ្វើនាយករដ្ឋមន្រ្តីដែរ ។ ចំណែក សម្តេចដែលមិនចង់ ធ្វើហើយមិនស្គាល់តំណែង នាយករដ្ឋមន្ត្រីបែបណាទេ តែបានធ្វើជានាយករដ្ឋមន្ត្រី រហូតជិត៤ ទស្សវត្សទៅហើយ និងបើបូកជាមួយតំណែង នានាជិត៤៤ឆ្នាំហើយ ។ បើនិយាយពីការបំបែកឯកត្តកម្មលើពិភពលោក គឺបានធ្វើរួចស្រេចទៅហើយ។

សម្តេចតេជោបន្តថា អ្នកខ្លះថាសម្តេចក្រាញអំណាច តែសូមប្រាប់ថាអំណាចនេះគឺប្រជាជនអ្នកឲ្យ ចុះអ្នកដែលចង់បានអំណាចនោះយ៉ាងណដែរ ។ សម្តេចបញ្ជាក់ថា៖«គេកំពុងតែការពារអំណាច ដើម្បីសេចក្តីសុខរបស់ប្រជាជន តើវាខុសឬអី? ចុះអ្នកឯងចង់ធ្វើនាយករដ្ឋមន្ត្រីតើវាយ៉ាងណាដែរ?។ ខ្ញុំមិនចង់និយាយសាសនា រឿងនយោបាយទេ»៕

To Top