ព័ត៌មានជាតិ

និស្សិតខ្មែរ ៦នាក់ នៅស៊ូដង់ កំពុងស្ថិតក្នុងទីតាំងសុវត្ថិភាព រង់ចាំជម្លៀសទៅម៉ាឡេស៊ី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក អាន សុខខឿន បានបញ្ជាក់ឲ្យដឹងថា និស្សិតខ្មែរចំនួន៦នាក់ (ស្រី ២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាពហើយ ដើម្បីរង់ចាំការជម្លៀសចេញពីសូដង់ ក្នុងពេលឆាប់ៗនេះ។

ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរបែបនេះ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក ហើយសាកលវិទ្យាល័យខាងលើ បានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឲ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៥ មេសា លោក អាន សុខខឿន បានថ្លែងថា «មាននិស្សិតខ្មែរចំនួន ៦នាក់ (ស្រី ២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់។ តាមការសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ី និងទំនាក់ទំនងជាប្រចាំរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប និស្សិតខ្មែរខាងលើបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ» ។

អ្នកនាំពាក្យបញ្ជាក់បន្ថែមថា គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរ ចាកចេញពីសូដង់ឲ្យបានឆាប់តាមតែអាចធ្វើបាន ៕

To Top