ខេត្តព្រះសីហនុ ៖ លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្រោមពីគម្រោង អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ជំហានទី២ បានបញ្ចប់ជាផ្លូវការមក គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងទី៣ ដោយមានជំហានទី២ មានប្រវែង ៤០០ ម៉ែត្រជម្រៅទឹក១៦,៥០ ម៉ែត្រនិងជំហានទី៣ មានប្រវែង ៤៣០ ម៉ែត្រ ជម្រៅទឹក ១៧,៥០ ម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការ នៅឆ្នាំ២០២៨-២០២៩ ។

លោក លូ គឹមឈន់ បានបន្តថា ជាចក្ខុវិស័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នឹងអភិវឌ្ឍទៅជាកំពង់ផែសមុទ្រ ទឹកជ្រៅប្រកបដោយប្រសិទ្ធភាព និងជវភាព ដើម្បីចូលរួមចំណែកធ្វើ ឲ្យប្រសើរឡើងនូវវិស័យ ឡូជីស្ទិក នៅព្រះរាជាណាចក្រកម្ពុជា ។ ពេលនោះ កសស នឹងអាចអនុញ្ញាត ឲ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូន ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក មកកាន់ ប្រទេសកម្ពុជា ដោយផ្ទាល់អាចកាត់បន្ថយតម្លៃ និងពេលវេលាក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ យោងផែនការមេនៃគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មី រហូតដល់ឆ្នាំ២០៥០។

លោកប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២១ បរិមាណកុងតែន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានចំនួន ៧៣២ ៣៨៧ ធីអ៊ុយូ កើនឡើង ១៤,១១ភាគរយធៀបនឹងការអនុវត្ត ក្នុងឆ្នាំ ២០២០។ អត្រាកំណើននេះ លើសពីការរំពឹងទុក ទោះបីជាស្ថិតក្នុង កាលៈទេសៈ មានការរីករាលដាល នៃជំងឺកូវីដ ១៩ ជាសាកលក្ដីដែល នេះសបញ្ជាក់ឲ្យឃើញពីកំណើន សេដ្ឋកិច្ចដ៏រឹងមាំ របស់ប្រទេសកម្ពុជា ។

ដើម្បីឆ្លើយតបនឹងនិន្នាការ នៃតម្រូវការដែលមានការកើនឡើង ឥតឈប់ឈរ ចំពោះសមត្ថភាពផែ ក្នុងការទទួលនាវាកុងតឺន័រ ធុនធំធ្វើការ ចូលចត កសស បានគ្រោងនឹងចាប់ផ្ដើមដំណើរ ការសាងសង់ ចំណតផែកុងតឺន័រថ្មី-ជំហានទី ១ នៅចុងឆ្នាំ២០២២ និងដាក់ឲ្យប្រតិបត្តិការ នៅចុងឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទាន សម្បទានរបស់ JICA ដែលមានទឹកប្រាក់សរុប២០៣ លានដុល្លារអាមេរិក ៕








